ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាជនជាតិឥណ្ឌូនេស៊ី ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង បង្ខាំងមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្ម
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ វលាម៉ោង ១៩និង២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានជិះល្បាតតាមផ្លូវ ពេលដល់មុខព្រលានយន្តហោះ កងកេង ស្ថិតនៅ ភូមិរាម ឃុំស្មាច់ដែង ស្រុងព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែប្រទះឃើញជនជាតិ ឥណ្ឌូនេស៊ី ០១នាក់ ភេទប្រុស កំពុងអង្គុយនៅចិញ្ចើមផ្លូវ ហើយនៅលើខ្លួនជនជាតិឥណ្ឌូនេស៊ីនោះ មានស្នាមរបួសជាច្រើនកន្លែង ជាពិសេសនៅត្រង់កដៃ និងកជើង មានស្នាមចងរិតបណ្តាលអោយដាច់រលាត់ស្បែក កម្លាំងសមត្ថកិច្ចយើងបានបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។ បន្ទាប់ពីបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យរួចរាល់មក កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ជាជនជាតិ ឥណ្ឌូនេស៊ី ភេទប្រុស នៅវេលាម៉ោង ២៣និង៥០នាទី ។ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ជនរងគ្រោះបង្ខាំងទុក និងធ្វើទារុណកម្មពិតប្រាកដមែន ដោយខ្លួនឃុំជនរងគ្រោះនៅផ្ទះល្វែងដែលខ្លួនជួលជិតរង្វង់មូលត្រីដូហ្វីន ស្ថិតនៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ចាប់តាំងពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨និង០០នាទី ទើបខ្លួនបើករថយន្តដឹកជនរងគ្រោះទៅដាក់ចោលនៅមុខព្រលានយន្តហោះ ខេត្តព្រះសីហនុ ដើម្បីឲ្យជនរងគ្រោះត្រឡប់ទៅប្រទេស ឥណ្ឌូនេស៊ី វិញ ហើយមូលហេតុដែលខ្លួនចាប់បង្ខាំងជនរងគ្រោះ និងវាយធ្វើទារុណកម្ម ព្រោះជនរងគ្រោះបានលួចកិបគេងលុយរបស់ខ្លួនសរុបអស់ចំនួន ១៥,០០០$ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ។
ជនរងគ្រោះឈ្មោះ JIMMY LEONARDI ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ អនឡាញ ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ រងបួស មានស្នាមរបួសជាច្រើនកន្លែងលើដងខ្លួន និងមានស្នាមដាច់រលាត់នៅត្រង់ កដៃ ,កជើង ដោយការចងរិត (រងរបួសធ្ងន់) ។
ជនសង្ស័យឈ្មោះ GO HENDRY SUNDJAYA ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ លក់សម្លៀកបំពាក់តាមប្រព័ន្ធអនឡាញ លិខិតឆ្លងដែនលេខៈ X622237 ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖
-ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក Iphone6 និងម៉ាក Iphone7 Plush)
-កាតផ្សេងៗ ១៨សន្លឹក
-លិខិតឆ្លងដែន ០១ក្បាល (របស់ជនសង្ស័យ)
-កាបូបលុយ ០២
-កាបូបដាក់កាត១
-កាបូបស្ពាយចំហៀង១
-លុយអាមេរិក ២០$ (ម្ភៃដុល្លារអាមេរិក)
-លុយខ្មែរ ១០,០០០៛ (មួយម៉ឺនរៀល)
-កូនសោរ ០៥ ៕