ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​សុវត្ថិភាព​ផ្ទាល់​ខ្លួនឯង ក្នុង​ថ្ងៃ​ឈប់សម្រាក​មិនមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​

68

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​សុវត្ថិភាព​ផ្ទាល់​ខ្លួនឯង ក្នុងនោះ​រមណីយដ្ឋាន ,​ភោជនីយដ្ឋាន ត្រូវតែ​ធានា​ឲ្យ​បាន​នូវ​អនាម័យ​ល្អ ដើម្បី​កុំ​ឆ្លង​ជំងឺ​កូ​វីដ​១៩ នេះ​ឲ្យ​សោះ ជាពិសេស​ធានា​ឲ្យ​បាន​ថា​ក្រោយ​ថ្ងៃ​ឈប់សម្រាក​មិនមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍ ។ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ កុំអោយ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​ឈប់សម្រាក​ប៉ុន្មាន​ថ្ងៃនេះ​។​

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៦ ខែសីហា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទស្សនកិច្ច និង​បើកសម្ពោធ​សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» របស់​ឧកញ៉ា លី យ៉ុង​ផាត់ ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

​មុននឹង​ចាប់ផ្តើម​កម្មវិធី សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទស្សនា​សួន​ទឹក​កម្សាន្ត «​ហ្គា​ឌិន​ស៊ី​ធី​» តាម​ការបង្ហាញ​ពី​ម្ចាស់​គម្រោង​អភិវឌ្ឍ​ដោយ​លោក​ឧក​ញ្ញ៉ា លី យ៉ុង ផាត់ ។ សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» នេះ គឺជា​កន្លែង​លេង​ទឹក​កម្សាន្ត​ដ៏​ធំ និង​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​សាងសង់ឡើង​នៅ​តំបន់​អភិវឌ្ឍន៍​របស់លោក​ឧក​ញ៉ា លី យ៉ុង​ផាត់ ដែលជា​តំបន់​អភិវឌ្ឍន៍​រណប​មួយ​ភាគ​ខាងជើង​ឈាង​ខាងកើត​រាជធានី​ភ្នំពេញ​។ សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» ត្រូវបាន​បោះទុន​វិនិយោគ​សរុប​ជាង ៤៤​លាន​ដុល្លារ​អាមេរិក​។ សួន​ទឹក​នេះ ត្រូវបាន​សាងសង់​ឡើងលើ​ផ្ទៃដី​ជាង ៨​ហិកតា ដោយ​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ ហើយ​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ខែកក្កដា ឆ្នាំ​២០២០​។ សួន​ទឹក​នេះ មាន​ឧបករណ៍​សម្រាប់​លេង​កម្សាន្ត​ទាំងអស់​ចំនួន​៣៨ ដែល​ទាន់សម័យ និង​មានគុណ​ភាពល្អ ដោយបាន​នាំចូល​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​។ ឧបករណ៍​លេង​កម្សាន្ត​ទាំងនេះ ត្រូវបាន​រចនា​ឡើង​សម្រាប់​មនុស្ស​គ្រប់​វ័យ​ទាំង​វ័យ​កុមារ ជំទង់ យុវវ័យ និង​វ័យ​ចំណាស់​ផងដែរ​។ ឧបករណ៍​កម្សាន្ត​ទាំងនេះ​មានដូចជា​៖ ឋានសួគ៌​រលក (​ធំជាងគេ​នៅ​អាស៊ាន​), អាណាចក្រ​ទឹក (​ធំជាងគេ​នៅ​អាស៊ាន​), ឋានសួគ៌​កុមារ​, ទន្លេមេគង្គ​, ស្គី​រលក និង​ជ្រលង​ទឹក​គួច​។​

​ក្រៅពី​មាន​កន្លែង​លេង​ទឹក​ហើយ​នោះ​នៅក្នុង​សួន​នេះ ក៏មាន​ភោជនីយដ្ឋាន​បម្រើ​អាហា​រដ្ឋា​ន​មាន​ទាំង​អាហារ​ខ្មែរ បារាំង និង​កញ្ចុស​សម្រាប់​អង្គុយលេង​កម្សាន្ត​។ សួន​ទឹក​នេះ​មាន​បុគ្គលិក​បម្រើការ​រហូតដល់​ទៅ ២៣០​នាក់ ហើយ​សម្រាប់​តម្លៃ​សំបុត្រ​ចូល​លេង​កម្សាន្ត​វិញ មនុស្ស​ធំ​តម្លៃ ១៥​ដុល្លារ​អាមេរិក កូនក្មេង និង​មនុស្ស​ចាស់​តម្លៃ ៩​ដុល្លារ​។ បើក​ដំណើរការ​ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ពិត​ជាមាន​មោទនភាព​ដែល​កម្ពុជា​យើង​មាន​សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​បែបនេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​កោតសរសើរ​ដ​ល់​ក្រុមហ៊ុន​វិនិយោគ​របស់លោក​ឧ ក​ញ្ញ៉ា លី យ៉ុង​ផាត់ ដែល​បានមក​វិនិយោគ​នៅក្នុង​តំបន់​នេះ ដែល​ពីមុន​ជា​តំបន់​មិនមាន​ការអភិវឌ្ឍ​អ្វី​នោះទេ ហើយក៏​ជា​តំបន់​ពួនស្ទាក់​របស់​ពួក​ខ្មែរក្រហម​ក្នុង​ការត្រៀម​វាយឆ្មក់​ចូល​ទីក្រុង​ភ្នំពេញ​ផងដែរ តែ​ពេលនេះ​នៅ​តំបន់​នេះ យើង​មាន​ទាំង​សណ្ឋាគារ​ផ្កាយ​៥ ,​សួនសត្វ , សួន​ទឹក​, ជាពិសេស​ទឹកដី​នៅទីនេះ​ក៏បាន​ជ្រើសរើស​ជា​កន្លែង​សាងសង់​វិមាន​ឈ្នះ​ឈ្នះ ដែល​តំណាងអោយ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ព្រមទាំង​ទឹកដី​នៅទីនេះ យើង​ក៏បាន​ជ្រើស​រើ​សម្រាប់​សាងសង់​ពហុ​កីឡដ្ឋាន​អន្តរជាតិ សម្រាប់​ត្រៀម​រៀប Sea Game ឆ្នាំ​២០២៣​ខាងមុខ​ផងដែរ​។​

​ទាក់ទង​នឹង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ស​ម្តេ​ចេ​ជោ ហ៊ុន សែន បាន​រំលឹក​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ក្នុងពេលដែល​ទទួលបាន​ការឈប់​សម្រាក​សង​ជំនួស​ការឈប់​សម្រាក​ចូលឆ្នាំ​ខ្មែរ​ដែលមាន​ចំនួន ៥​ថ្ងៃ ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ កងកម្លាំង​សមត្ថកិច្ច​ត្រូវ​ចូលរួម​ការពារ​សេចក្តី​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ ក្នុង​ថ្ងៃ​ឈប់សម្រាក​នេះ ហើយ​ក្នុងនោះ​ក្រសួង​សុខា​ពិ​បាល , ក្រសួងទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត ត្រូវ​តាមដាន​ស្ថានភាព និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ឲ្យ​បាន​ហ្មត់ចត់​បំផុត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សា​សុវត្ថិភាព​ផ្ទាល់​ខ្លួនឯង ក្នុងនោះ​រមណីយដ្ឋាន ,​ភោជនីយដ្ឋាន ត្រូវតែ​ធានា​ឲ្យ​បាន​នូវ​អនាម័យ​ល្អ ដើម្បី​កុំ​ឆ្លង​ជំងឺ​កូ​វីដ​១៩ នេះ​ឲ្យ​សោះ ជាពិសេស​ធានា​ឲ្យ​បាន​ថា​ក្រោយ​ថ្ងៃ​ឈប់សម្រាក​មិនមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​។ ជាមួយគ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ កុំអោយ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​ឈប់សម្រាក​ប៉ុន្មាន​ថ្ងៃនេះ គឺ​ត្រូវ​បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន​នឹង​គ្មាន​ជាតិ​ស្រវឹង​។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបដោយ​សេចក្តីសុខ សុវត្ថិភាព និង​ជូនពរ​ឱ្យ​សួន​កំសាន្ត​នេះ ដំណើរការ​ដោយ​ភាពរលូន​និង​ជោគជ័យ បន្ទាប់មក​សម្តេច​តេ​ជោ បានប្រកាស​បើក​សាកល្បង​សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» ចាប់ពីពេលនេះ​តទៅ​៕


អត្ថបទដែលជាប់ទាក់ទង