បងប្អូនបើកបរមានការប្រុងប្រយ័ត្ន យោគយល់ឲ្យគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀសវាងកុំឲ្យមានការសោកស្តាយ នៅក្នុងថ្ងៃឈប់សម្រាក
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើសូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន យោគយល់ឲ្យគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀសវាងកុំឲ្យមានការសោកស្តាយនៅក្នុងថ្ងៃឈប់សម្រាក។
បើតាមការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister រីករាយថ្ងៃឈប់សម្រាក ១៧- ២១! សូមថែរក្សាសុវត្ថិភាពសុខភាពចៀសវាងការឆ្លងជំងឺកូវីដ១៩
សូមសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគំម្លាតសុវត្ថិភាព
ចៀសវាងធ្វើដំណើរជាមួយអ្នកមានអាការៈក្តៅខ្លួន និងផ្លូវដង្ហើម…។ល។ និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រៅពីសុវត្ថិភាពសុខភាព សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន យោគយល់ឲ្យគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀសវាងកុំឲ្យមានការសោកស្តាយនៅក្នុងថ្ងៃឈប់សម្រាក។
សម្តេចតេជោ ហ៊ុន សែន ក៏សូមអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ការពារសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានល្អ នៅក្នុងថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ១៧ ដល់ ២១ សីហា ២០២០ នេះ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសសងថ្ងៃឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហាឆ្នាំ២០២០។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរប្រកបដោយ ក្តីមោទនភាព ជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុលផុសក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយ ការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ។
ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែ ជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង ដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ជីខ្ជារមិនគោរពច្បាប់។
ក្នុងឱកាសដែលប្រទេសកម្ពុជាកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ១៩ ហើយក៏ស្របពេលដែល រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាកនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃប្រារព្ធពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីខែមេសា ឆ្នាំ២០២០ កន្លងមកនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ បន្ថែមពីលើការអនុវត្តគ្រប់វិធានការ ការពារការឆ្លងជំងឺកូវីដ១៩ សូមមេត្តាបន្តការយកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និងការចូលរួមគោពច្បាប់ចរាចរណ៍ ផ្លូវគោករាល់ពេលធ្វើដំណើរនៅលើដងផ្លូវជានិច្ច។ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមវិធានការដូចខាងក្រោម ៖ ១-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ គ្រប់ពេលវេលា។ ២-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។ ៣-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។ ៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ៥-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។ ៦-មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងក្លាយទំនាក់ទំនង។ ៧-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ។ល។ ៨-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។ ៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។ ១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ។ ១១-សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការ ច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់សូមបងប្អូន គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុម រម្យនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើង។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប នឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវ សុវត្ថិភាព និងសេចក្តីសុខ ក្នុងឱកាសសងថ្ងៃឈប់សម្រាកការងារ ខាងមុខនេះ និងបន្តជារៀងរហូតទៅ៕