ការប្រកួតធ្វើតេស្តសមត្ថភាព កីឡាវាយកូនឃ្លីលើតុ នឹងធ្វើឡើងបីដងក្នុងមួយឆ្នាំ
ភ្នំពេញ ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ធ្វើតេស្តសាកល្បងបច្ចេកទេស សម្រាប់កីឡាករ-កីឡាការិនីក្រុមជម្រើសជាតិឈុតធំ និង ក្រុមជម្រើសជាតិឈុតតូចថ្នាល ដំណាក់កាលទី១ ដែលបានប្រព្រឹត្តធ្វើរយៈពេល២ថ្ងៃ នៅទីលានសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១៥ ខែសីហា ដោយមានការចូលរួមជាអធិបតីនិងលើកទឹកចិត្តដល់ជ័យលាភី ពីនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ។
នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា “ ក្នុងនាមលោកដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុនេះ លោកនឹងបន្តឲ្យមានការប្រកួតធ្វើតេស្តសមត្ថភាពបច្ចេកទេសសម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិ និងថ្នាល ឲ្យបាន៣ដងក្នុងមួយឆ្នាំ គឺធ្វើនៅត្រីមាស ឆមាស និងចុងឆ្នាំ ដើម្បីបង្កើនកម្រិតសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិ និងថ្នាល ឲ្យកាន់តែខ្លាំងសម្រាប់ត្រៀមការប្រកួតលើឆាកអន្តរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១ នៅប្រទេសវៀតណាម និង ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ” ។
បើតាមលោកោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា នេះជាការប្រកួតស្ទាបស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិឈុតតូចថ្នាល ដែលធ្វើការហ្វឹកហាត់ប៉ុន្មានខែកន្លងមក បន្ទាប់ពីយើងឈប់សម្រាកដោយសារតែមេរោគCOVID-19 ចំពោះការធ្វើតេស្តនេះសហព័ន្ធក៏កំណត់យកចំណាត់ថ្នាក់ដែរ។
សូមបញ្ជាក់ថា ការប្រកួតតេស្តសាកល្បងបច្ចេកទេសដំណាក់កាលទី១ ដែលបានបញ្ចប់ទៅនេះ មានកីឡាករក្រុមជម្រើសជាតិ ឈុតធំចំនួន៦នាក់ ក្រុមជម្រើសជាតិយុវជនចំនួន៧នាក់ និង កីឡាការិនីថ្នាលចំនួន៦នាក់ ដោយធ្វើការប្រកួតរូបមន្តដូចគ្នា ។
លោកអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបញ្ជាក់ថា ក្រោយបញ្ចប់ការធ្វើតេស្តនេះ គណៈកម្មការសហព័ន្ធអាចដឹងកាន់តែច្បាស់ពីសមត្ថភាពរបស់អត្តពលិកនីមួយៗមានកម្រិតណា ដែលត្រូវចូលរួមប្រកួតយកមេដាយលើឆាកអន្តរជាតិ ៕