ក្រុមអត្តពលិកហែលទឹករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយច្រើនជាងគេការប្រកួតកីឡាហែលទឹកជើងឯក “សម្ដេចក្រឡាហោម ស ខេង លើកទី៧
ភ្នំពេញ៖ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯក “សម្ដេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញក្រោមសហការរវាងអង្គភាពកីឡានគរបាលជាតិកម្ពុជា នឹងសហព័ន្ធខ្មែរកីឡាហែលទឹក ក្រុមកីឡាករ-កីឡាការិនីនៃក្រសួងសាធារណការ និងដឹកជញ្ជូនដំណ្តើមមេដាយច្រើនជាងគេ។
លោកហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងតាមអនឡាញថា ការប្រកួតឆ្នាំនេះ ក្រុមកីឡាករ-កីឡាការិនីនៃក្រសួងសាធារណការ និងដឹកជញ្ជូនដំណ្តើមមេដាយច្រើនជាងគេទទួលបានមេដាយសរុបចំនួន១៣គ្រឿងក្នុងនោះមេដាយមាស៥គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ចំណែកក្រសួងមហាផ្ទៃឈរលេខ២ដោយទទួលបានមេដាយសរុបចំនួន៨គ្រឿងក្នុងនោះមេដាយមាស៤គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។
លោកបានបន្តថា គណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជាជាប់លេខ៣ទទួលបានមេដាយសរុបចំនួន៣គ្រឿងក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។ ការប្រកួតឆ្នាំនេះជាផ្នែក៣ធំៗគឺផ្នែកបុរស៖កីឡាករត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ផ្នែកនារី៖កីឡាការិនីត្រូវមានអាយុចាប់ពី ១០ឆ្នាំឡើងទៅ និងផ្នែកជនពិការ៖កីឡាករគិតចាប់ពី(S3-S10)។
ចំណែកវិញ្ញាសាផ្នែកបុរសមាន៥វិញ្ញាសាគឺវិញ្ញាសាហែលរបៀបសេរីចម្ងាយ២០០ម៉ែត្រ វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ២០០ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ១០០ម៉ែត្រ និងវិញ្ញាសាហែលបណ្តាក់៤របៀបចម្ងាយ ១០០ម៉ែត្រ (៤x១០០ម៉ែត្រ)
វិញ្ញាសាផ្នែកនារីមាន៤វិញ្ញាសា គឺវិញ្ញាសាហែលរបៀបសេរីចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ និងវិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ១០០ម៉ែត្រ ចំពោះផ្នែកជនពិការវិញ្ញាសាហែលរបៀបសេរីចម្ងាយ១០០ម៉ែត្រ៕