ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ នៅក្នុងស្រុកសៀមប៉ាងរងគ្រោះដោយសារជំនន់ទឹកភ្លៀងបានទទួលអំណោយសង្គ្រោះបន្ទាន់
ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៨ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា
បានចាត់ឲ្យក្រុមការងារដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុទ្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង សរុបចំនួន ៥០០គ្រួសារ មកពីភូមិចំនួន ៣ នៃឃុំស្រែសំបូរ និងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
មន្ត្រីកាកបាទក្រហមបានឱ្យដឹងថា៖ក្នុងនោះអំណោយដែលត្រូវផ្តល់ជូនក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងថវិកាមួយចំនួន ។
ក្នុងពិធីចែកអំណោយមនុស្សធម៌នោះ លោកស្រី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលសម្តេចតែងតែបានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដែលជួបការលំបាកខ្វះខាតគ្រប់ប្រភេទ។
ក្នុងឱកាសនោះដែរលោកស្រីតំណាងក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួចមក លោកស្រី អគ្គលេខាធិការ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ត្រូវប្រុងប្រយ័ត្នសត្វអសិរពិលពេលចូលក្នុងផ្ទះ ជាពិសេសសូមជួយមើលថែទាំចាស់ជរា និងកូនតូចៗឱ្យបានល្អជៀសវាងគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើងក្នុងពេលដែលមានគ្រោះទឹកជំនន់នេះ។
ជាមួយគ្នានោះ គ្រួសារដែលទទួលបានអំណោយមនុស្សធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរ ជានិច្ច មានក្តីមេត្តា ករុណា និងទឹកចិត្តសប្បុរស ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលាដោយមិនប្រកាន់ជាតិសាសន៍ ឬនិន្នាការនយោបាយ។
គួរបញ្ជាក់ផងដែរថា៖កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីទីស្នាក់ការកណ្តាល រួមសហការជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានចុះចែកម្ដងរួចមកហើយជូនដល់ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ៦៦គ្រសារ មកពី ៤ភូមិ នៃសង្កាត់សសាមគ្គី និងសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ចំណែកកាកបាទក្រហមកម្ពុជា ថ្នាក់កណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នឹងបន្តចុះចែកនៅថ្ងៃបន្តបន្ទាប់ទៀត ខាងមុខនេះ ៕