អភិបាលរាជធានី ប្រគល់ថវិកា ២លានរៀលជូនកូនស្រី បង្កើតរបស់ នាយ វ៉ាំងដឺ ដែលបានទទួលមរណភាពដោយជំងឺ
ភ្នំពេញ៖ ថវិកាចំនួន២លានរៀលត្រូវបានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងប្រគល់ជូនទៅកូនស្រីបង្កើតរបស់នាយវ៉ាំងដឺ ដែលបានទទួលមរណភាពដោយជំងឺ ហើយមានជីវភាពខ្វះខាត ។
ថវិកាទាំងនេះត្រូវបានលោកស្រីគឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោនាំទៅប្រគល់ជូនដោយផ្ទាល់នាព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០២០ នេះនៅវត្តសំបួរមាស ខណ្ឌដង្កោ។
លោកម៉េត មាសភក្តីអ្បកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ដោយទទួលបាននូវព័ត៌មានថាកូនបង្កើតរបស់អតីតតារាកំប្លែង លោក យិន សារឹម ( ហៅនាយ វ៉ាំងដឺ) ឈ្មោះ យិន ស្រីណែត ភេទស្រី អាយុ២១ ឆ្នាំទទួលមរណភាពនិងដោយដឹងថា ស្ថានភាពគ្រួសារនេះ មានការលំបាកទើបលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញណែនាំអោយលោកស្រីអភិបាលនៃគណៈអភិបាលខណ្ឌដង្កោ នាំយកបច្ច័យទាំងនេះទៅប្រគល់ជូនដល់គ្រួសារសព ដោយផ្ទាល់ដៃ ខណៈដែលកំពុង ក្រុមគ្រួសារនៃសពបាននិងកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តសំបួរខណ្ឌដង្កោតែម្តង។
ក្រៅពីថវិការបស់លោកឃួង ស្រេង លោកស្រីគឹម ញឹប ក៏បានប្រគល់ជូននូវថវិការបស់ខណ្ឌមួយចំនួនបន្ថែមទៀតផងដែរ ដើម្បីជាការរំលែកទុក្ខសោកគ្រួសារនៃសព។
គួរបញ្ជាក់ផងដែរថា លោក យិន សារឹម ( ហៅនាយ វ៉ាំងដឺ)គឺជាតារាកំប្លែងជើងចាស់ ដែលបានទទួលមរណភាពជាច្រើនឆ្នាំកន្លងមកហើយ ហើយមកដល់ពេលនេះ គឺស្រីបង្កើតរបស់លោកបានទទួលមរណភាពទៀត ដោយសារជំងឺ៕