យកកាំបិតចាក់មិត្តភក្តិម្នាក់ស្លាប់ ពេលទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី ហើយរត់គេចបាត់
កណ្តាល ៖ យុវជនដៃដល់ម្នាក់ យកកាំបិតចុងស្រួចចាក់ទៅលើយុវជនម្នាក់ទៀតដែលជាមិត្តភក្តិនឹងគ្នា ខណៈកំពុងផឹកស៊ីទាស់ពាក្យសម្តីគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ នឹងបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីយុវជនដៃដល់ និងយុវជនរងគ្រោះផឹកស៊ីទាស់ពាក្យសម្តីគ្នា។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង៥៥នាទី នៅចំណុចភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ សឿង សំបូរ ហៅ ភ្លោះធំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ចំណែកយុវជនរងគ្រោះឈ្មោះ លី ពិសី ហៅពីរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប។ យុវជនសង្ស័យនិងយុវជនរងគ្រោះមានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
យុវជនសង្ស័យនិងយុវជនរងគ្រោះគឺជាមិត្តភក្តិនឹងគ្នា លុះមកដល់ថ្ងៃកើតហេតុ យុវជនរងគ្រោះនិងយុវជនសង្ស័យបាននាំគ្នាផឹកស៊ី ហើយពុំដឹងជាមានរឿងអ្វី បានកើតជាទំនាស់ទាស់ពាក្យសម្តីគ្នា រហូយធ្វើឲ្យយុវជនសង្ស័យបានយកកាំបិតចុងស្រួចមកចាក់លើយុវជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ រួចយុវជនសង្ស័យបានគេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង យុវជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តែជាអកុសលយុវជនរងគ្រោះដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីស្រាវជ្រាវចាប់ខ្លួនចាត់ការតាមនីតិវិធីច្បាប់៕