អធិការរងនគរបាលស្រុកសំរោងទង កង ភារី បាញ់បោះសេរីជិត២០គ្រាប់ បង្អួតកូនចៅថា ខ្លួនអស្ចារ្យមានខ្សែធំនៅក្រសួងមហាផ្ទៃ ត្រូវចាប់ខ្លួន
កំពង់ស្ពឺ៖ លោក កង ភារី ហៅម៉ៅ អធិការរងនគរបាលស្រុកសំរោងទង ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន និងរាយការណ៍ទៅថ្នាក់លើ បន្ទាប់ពីលោកអធិការរងរូបនេះបានផឹកស៊ីជាមួយកូនចៅក្រោមឱវាទនិយាយអួតក្អេងក្អាងថា ខ្លួនមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្រសួងមហាផ្ទៃ បើទោះជាបង្ករភាពអាណាធិបតេយ្យបាញ់បោះសេរី ក៏គ្មានអ្នកណាហ៊ានធ្វើអ្វីខ្លួនដែរ។
ក្រោយពីនិយាយអួតក្អេងក្អាងចប់រួចមកលោកអធិការរងដ៏មហិមា ទទួលផែនសន្តិសុខរូបនេះ បានទាញអាវុធខ្លីរបស់ខ្លួន ម៉ាកឡុក ទៅឈរបាញ់លេងយ៉ាងអនាធិបតេយ្យនៅក្នុងបរិវេនសាលាស្រុកសំរោងទងចំណុចមាត់ត្រពាំងទឹកខាងត្បូងជាមួយកូនចៅរបស់ខ្លួនជាច្រើននាក់។
ការបាញ់បោះយ៉ាងអនាធិបតេយ្យនេះទំនងជាលោកអធិការរងរូបនោះចង់អួតនឹងបង្ហាញថាខ្លួនគឺជាមនុស្សមានឥទ្ធិពលនិងមានខ្នងបង្អែករឹងមាំឲ្យកូនចៅក្រោមឱវាទបានឃើញតែទីបំផុតត្រូវអាម៉ាសមុខដោយសារតែសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៃកងអន្តរាគមន៍ធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍ដែលអធិការដ្ឋាននគរបាលស្រុកសំរោងទង បានគោរពផ្ញើជូនលោកស្នងការនគរបាលខេត្តកំពង់ស្ពឺចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានរៀបរាប់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ និង០០ នាទីលោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខ នៃ អធិការដ្ឋាននគរបាលស្រុកសំរោងទង បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាកឡុកធ្វើសកម្មភាពឈរបាញ់បោះយ៉ាងសេរីនិងអនាធិបតេយ្យបំផុតចំនួន 3 គ្រាប់គឺនៅចំណុចបរិវេណសាលាស្រុកមាត់ស្រះទឹកខាងត្បូង។
នៅក្នុងរបាយការណ៍បន្តថា លុះមកដល់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២០ ដដែលវេលាម៉ោង១៨ និង៣០ នាទីលោកវរសេនីយ៍ទោ កង ភារី អធិការរងដ៏ទំនើងរូបនេះបាននាំកូនចៅក្រោមឱវាទផឹកស៊ីរហូតស្រវឹងនិយាយអួតក្អេងក្អាងហើយបានយកអាវុធខ្លីម៉ាកឡុកដដែលជាកម្មសិទ្ធិរបស់ខ្លួនមកឈរបាញ់បោះលេងយ៉ាងសេរីនៅក្នុងបរវេនសាលាស្រុកចំណុចមាត់ស្រះទឹកដដែលក្នុងនោះកូនចៅរបស់ខ្លួនជាច្រើនដែលផឹកស៊ីក៏បានចូលរួមក្នុងការបាញ់បោះនេះដែរ។
អ្នកដែលចូលរួមបាញ់បោះជាមួយអធិការរង ដ៏ទំនើងរូបនេះរួមមានលោកអនុសេនីយ៍ឯកដនសុខុមឋានៈនាយរងផ្នែកសន្តិសុខបាញ់ចំនួន២គ្រាប់លោកអនុសេនីយ៍ត្រីព្រីងឡងឌីឋានៈនាយរងប៉ុស្តិ៍វល្លិ៍សបាញ់ចំនួន២ គ្រាប់លោកអនុសេនីយ៍ត្រីតាន់សៅលីឋានៈនាយរងផ្នែកគ្រឿងញៀនបាញ់ចំនួន ២គ្រាប់លោកអនុសេនីយ៍ត្រីម៉ាន់ប៊ុណ្ណារ៉ា ឋានៈនាយរងផ្នែកគ្រឿងញៀនបាញ់ចំនួន០២គ្រាប់លោកព្រិន្ទបាលទោឌី សូភក្តិ ឋានៈមន្ត្រីប៉ុស្តិ៍ទំព័រមាសបាញ់ចំនួន០២ គ្រាប់ផងដែរ។
ការបាញ់បោះបង្កភាពអនាធិបតេយ្យបង្កើតឲ្យមានអសន្តិសុខនៅក្នុងសង្គមរបស់ក្រុមមន្ត្រីនគរបាលនិងលោកសក្កិ៤កន្លះឈ្មោះ កង ភារីហៅម៉ៅ រូបនេះសមត្ថកិច្ចជំនាញបានរកឃើញសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន១១ គ្រាប់លោកអធិការងដ៏ទំនើងរូបនេះត្រូវបានសមត្ថកិច្ចកម្លាំងការិយាល័យអន្តរាគមន៍ឃាត់ខ្លួននៅវេលាម៉ោង២២និង៣០នាទីថ្ងៃដដែល។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអោយអ្នកយកព័ត៌មានអោយដឹងតាមទូរស័ព្ទថា លោកបានរាយការណ៍ទៅថ្នាក់លើដើម្បីអោយដាក់តាមវិន័យរបស់កងកម្លាំងអគ្គស្នងការនគរបាលជាតិលេខ០០៦ អោយសមទោសកំហុសដែលមន្ត្រីនគរបាលយុត្តិធម៌បានប្រព្រឹត្ត។លោកស្នងការនគរបាលខេត្តបន្តថាលោក វរសេនីយ៍ទោ កង ភារី បានចំនួន០២លើក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បាញ់ចំនួន០៣គ្រាប់ ហើយនៅយប់ថ្ងៃទី១៩ខែសីហា ឆ្នាំ២០២០ បាញ់ចំនួន១៧គ្រាប់បន្ថែមទៀត។ ហើយរហូតមកដល់ពេលនេះជំនាញប្រមូលបានជាង១០គ្រាប់តែប៉ុណ្ណោះ កំពុងតែរុករកបន្ថែមទៀត។
ពេលនេះកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកំពុងតែធ្វើការសាកសួរលោកអធិការរងដ៏ទំនើងរូបនេះរកមូលហេតុដើមចមនៃការបង្កភាពអនាធិបតេយ្យនិងបង្កបញ្ហាអសន្តិសុខដល់សង្គមឋានៈដែលខ្លួនជាសមត្ថកិច្ចជាគំរូដល់ប្រជាពលរដ្ឋនិងជាអ្នកការពារសន្តិសុខសុវត្ថិភាពតែបែរជាប្រព្រឹត្តិទង្វើបែបនេះទៅវិញ។
របាយការណ៍ដែលគោរពផ្ញើជូនលោកស្នងការនគរបាលខេត្តមិនត្រឹមតែចុះហត្ថលេខាដោយលោកវរសេនីយ៍ឯកឃុតសុផលអធិការស្រុកសំរោងទងតែម្នាក់នោះទេគឺសូម្បីតែអភិបាលស្រុកសំរោងទងក៏ចុះហត្ថលេខាឯកភាពផងដែរ។
គួររំលឹកថាអធិការងរូបនេះកន្លងមកធ្លាប់បើកល្បែងជល់មាន់ online ហើយក៏ត្រូវបានសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការបង្ក្រាបដែរតែកាលនោះមិនដឹងថាបណ្ដាលមកពីឥទ្ធិពលខ្នងបង្អែករបស់លោកអធិការងរូបនេះឬក៏ជាការត្រូវរូវគ្នានោះទេទើបក្រុមអ្នកបង្ក្រាបធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំដោយមិនមានឈ្មោះលោកអធិការរងរូបនេះឡើយគឺជាឈ្មោះអ្នកផ្សេងទៅវិញដែលធាតុពិតមហាជននិងសមត្ថកិច្ចជាច្រើននៅក្រុងច្បារមននៃសង្កាត់សុព័រទេពបានដឹងយ៉ាងច្បាស់ថាទីតាំងកន្លែងជល់មាន់ online ដែលត្រវបង្ក្រាបនោះគឺជារបស់លោកកងភារីអធិការរងរូបនេះតែម្ដង។
មហាជន និងមន្ត្រីរាជការ ស្រុកសំរោងទង ជាច្រើនបានសំដែងនូវការសាទរ និងរាយការណ៍មកអ្នកយកព័ត៌មានយើងដោយអ្នកខ្លះបានលើកឡើងថា ករណីនេះគួរកុំលើកលែងឲ្យសោះគួតែធ្វើវិន័យរដ្ឋបាល ឬ ក៏លុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិតែម្តងទៅ ព្រោះបុគ្គលរូបនេះតែងតែធ្វើសកម្មភាពក្អេងក្អាងក្រអើតក្រទម ព្រោះចង់បង្ហាញអំណាចរបស់ខ្លួនអោយអ្នកដទៃបានឃើញថាខ្លួនគឺជាអ្នកមានលុយនិងមានអំណាច៕