ស៊ីហ្គេមនៅកម្ពុជា គឺជាស៊ីហ្គេមដែលស្អាតបំផុត ដែលពុំធ្លាប់មានពីមុនមក
ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលនេះជាលើកដំបូង
ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងថានៈជាស្ថាបនិកមួយរូបកាលពីឆ្នាំ១៩៥៩ ។
ឆ្នាំ១៩៥៩ ព្រឹត្តិការណ៍នេះ គេប្រសិទ្ធនាមថា ការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (South East Asian Peninsular Games) តែក្រោយមកព្រឹត្តិការណ៍នេះត្រូវបានប្ដូរមកថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (South East Asian Games) ដែលគេហៅកាត់ថាស៊ីហ្គេម (SEA Games) ។ នៅ
បាំងតែឆ្នាំ២០២១ ដែលស៊ីហ្គេមលើកទី៣១ នឹងធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាមនោះ ឆ្នាំ២០២៣ នឹងដល់វេនកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងហើយ ។
ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេមឆ្នាំ២០២៣នោះ មានប្រសាសន៍ថា កម្ពុជាត្រៀមកីឡាជាង៣០ប្រភេទ ដើម្បីដាក់ឲ្យប្រកួតក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ឯកឧត្តមបន្តថា កម្ពុជាមានសក្ដានុពលលើប្រភេទកីឡាជាច្រើន ដូចជាប៉េតង់ ចំបាប់ វូស៊ូ វ៉ូវីណាម តេក្វាន់ដូ សូហ្វតិន្នីស វាយកូនបាល់ វាយសី និងប្រភេទកីឡាជាទៀត។ មិនតែប៉ុណ្ណោះប្រភេទកីឡាមួយចំនួន ដែលកន្លងមក ពុំធ្លាប់ប្រជែងបានមេដាយនោះ ក៏កំពុងតែធ្វើឲ្យបណ្ដាប្រទេស ក្នុងតំបន់ចាប់អារម្មណ៍ខ្លាំងណាស់ដែរ ។
ប្រភេទកីឡាបាល់ទាត់ពេលនេះ ក៏កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់ល្អ ពិសេសកីឡាករវ័យក្មេងៗ ដែលបណ្ដុះបណ្ដាលចេញពីសាលាបាល់ទាត់ជាតិបាទី ។ បាល់ទះ បាល់បោះ កំពុងតែបង្ហាញពីភាពខ្លាំង និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយខែទៅមួយខែ ព្រមទាំងពីមួយឆ្នាំទៅមួយឆ្នាំ ។
ឯកឧត្តមវ៉ាត់ ចំរើន ក៏បានបង្ហាញពីគម្រោងដាក់បន្ថែម នូវប្រភេទកីឡាប្រពៃណីមួយចំនួនបន្ថែមទៀត ដូចជាល្បុក្កតោ និង អុកចត្រង្គ ។
ឯកឧត្តម បានបង្ហាញឲ្យដឹងថា កាលស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនឆ្នាំ២០២៩ ប្រទេសហ្វីលីពីន បានដាក់កីឡាប្រពៃណីរបស់គេម្យ៉ាង ដែលជាប្រភេទកីឡាប្រយុទ្ធ គឺកីឡាអារនីស(Arnish) ។ កីឡានេះ មានរបៀបប្រកួតប្រហាក់ប្រហែលនឹងល្បុក្កតោរបស់កម្ពុជាដែរ ដែលកាលនោះកម្ពុជា ប្រជែងបានមេដាយមាសមួយគ្រឿង ។
ដោយឡែកឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(Camsoc) បានអះអាងថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ គឺជាការប្រកួតដែលស្អាតស្អំបំផុត ។
កម្ពុជានឹងធ្វើជាគំរូគេនៅក្នុងរឿងនេះ ព្រោះការប្រកួតកន្លងមក ប្រទេសដែលជាម្ចាស់ផ្ទះ តែងតែដណ្ដើមប្រៀបក្នុងការប្រជែងយកមេដាយ ដែលធ្វើឲ្យព្រឹត្តិការណ៍នេះ ស្ទើរតែក្លាយជាវេទិកាចែកមេដាយគ្នាទៅវិញ ។ ឯកឧត្តមបញ្ជាក់ថា ការប្រកួតត្រួវតែឈរលើគោលការណ៍យុត្តធម៌ (Fair Play) គឺអ្នកខ្លាំងនឹងប្រជែងបានមេដាយ ឯអ្នកខ្សោយនឹងមិនបានមេដាយឡើយ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក៏កំពុងតែជំរុញក្នុងការបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់ រយៈពេលវែងនៅក្រៅប្រទេស ។ ទោះបីពេលនេះ ពិភពលោកទាំងមូល កំពុងតែយាយីដោយសារមេរោគផ្លូវដង្ហើមប្រភេទថ្មីកូវីដ១៩ក៏ដោយ ក៏កម្ពុជាប្ដេជ្ញាថាចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ការបញ្ជូនកីឡាទៅហ្វឹកហាត់ នៅក្រៅប្រទេសនឹងចាប់ផ្ដើមហើយ ៕