ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីប្រេស៊ីលអះអាងថា ប្រទេសនេះកំពុងវិលទៅរកភាពប្រក្រតីវិញ

98

(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសអាមេរិកឡាទីនមួយនេះ កំពុងតែវិលទៅរកភាពប្រក្រតីវិញហើយ បើទោះបីជាករណីឆ្លងជំងឺ COVID-19 ពេលនេះបានលោតដល់ជាង ៣.៥លានករណីក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។

លោក Bosonaro បានបង្ហោះសារមួយនៅលើគណនី Twitter របស់លោកថា ការងារសរុបជាង ១៣១,០០០កន្លែងត្រូវបានបង្កើតឡើង នៅក្នុងប្រទេសប្រេស៊ីលកាលពីខែកក្កដា ហើយវាពិតជាលទ្ធផលដ៏វិជ្ជមានមួយ បើយើងគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដែលប្រទេសប្រេស៊ីលបានចាប់ផ្តើមរងគ្រោះ កាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារតែជំងឺរាតត្បាតសកល COVID-19។

ចំពោះការបង្កើនការងារដ៏វិជ្ជមាននោះ គឺទៅលើវិស័យផលិតចំណីអាហារ, សំណង់ស៊ីវិល និងផ្នែកឧស្សាហកម្មមួយចំនួនទៀត។ រដ្ឋាភិបាលប្រេស៊ីល ដែលតែងតែយកបញ្ហាសេដ្ឋកិច្ច ធំជាងវិបត្តិជំងឺឆ្លង COVID-19 នោះបានរំពឹងថា សេដ្ឋកិច្ចរបស់ខ្លួននឹងវិលទៅរកភាពប្រក្រតីវិញសន្សឹមៗ បន្ទាប់ពីបានមើលឃើញភាពវិជ្ជមានកាលពីខែកក្កដា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ប្រទេសប្រេស៊ីលមានករណីឆ្លង COVID-19 សរុបជាង ៣,៥៣៦,០០០ករណី ក្នុងនោះស្លាប់ជាង ១១៣,៤០០នាក់ និងជាសះស្បើយវិញជាង ២,៦៧០,៧០០នាក់។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅប្រេស៊ីលមានសភាពនឹងនរ និងបង្ហាញសញ្ញាធ្លាក់ចុះវិញតិចតួច ប៉ុន្តែប្រទេសធំជាងគេនៅអាមេរិកឡាទីនមួយនេះ មិនគួរមានការធ្វេសប្រហែសនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង