ប្រកាសបញ្ឈប់អតីតកីឡាករ ណៃ សារ៉ាវ័យ គ្រប់សកម្មភាពកីឡាវាយកូនឃ្លីលើតុជាស្ថាពរ
ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ចេញក្តីប្រកាសបញ្ឈប់អតីតកីឡាករវាយកូនឃ្លីលើតុ ណៃ សារ៉ាវ័យ គ្រប់សកម្មភាពកីឡាវាយកូនឃ្លីលើតុជាស្ថាពរ ដោយសារកីឡាកររូបប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យ របស់សហព័ន្ធ ចំណែកកីឡាករ ឡាយ ភក្តី ត្រូវបានព្យួរ មិនឱ្យចូលរួមក្នុងការប្រកួតលក្ខណៈជាតិ និងអន្តរជាតិនានា រយៈពេលមួយ (១)ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា យោងតាមស្មារតីអង្គប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដោយអញ្ជើញពីគៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានសម្រេចចិត្តបានបញ្ឈប់គ្រប់សកម្មភាពកីឡាវាយកូនឃ្លីលើតុ ជាស្ថាពរ ដល់អតីតកីឡាករ ណៃ សារ៉ាវ័យ របស់សហព័ន្ធកម្ពុជា ដោយប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុ
កម្ពុជា។
លោកបានបន្តថា ចំពោះកីឡាករ ឡាយ ភក្តី ត្រូវបានព្យួរមិនឲ្យចូលរួមក្នុងការប្រកួតលក្ខណៈជាតិ និងអន្តរជាតិនានា រយៈពេលមួយ ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយសារកីឡាកររូបនេះ មិនគោរពវិន័យរបស់សហព័ន្ធ ហើយថ្នាក់ដឹកនាំសហព័ន្ធ បានធ្វើការណែនាំជាច្រើនលើក ច្រើនសារ ទើបសម្រេចបញ្ឈរជើងតែម្តង។
ថ្ងៃទី១៥ សីហា លោកនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ ដែលជាប្រធានសហព័ន្ធ បានចុះហត្ថលេខាលើសេចក្ដីសម្រេចបញ្ឈប់កីឡាករ ណៃ សារ៉ាវ័យ និងផ្អាកការប្រកួតមួយឆ្នាំចំពោះកីឡាករឡាយ ភក្ដី ។ ក្នុងថ្ងៃជាមួយនេះដែរ សហព័ន្ធក៏បានចេញសេចក្ដីប្រកាសព័ត៌មានចំពោះចំណាត់ការលើកីឡាករទាំង២រូបនេះដែរ៕