ក្រសួងអប់រំ ដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងសាលា (SIS) និងការរៀបចំតភ្ជាប់បណ្ដាញអ៊ីនធឺណិត ជាផ្នែកមួយនៃមធ្យោបាយក្នុងការគ្រប់គ្រងសាលាប្រសើរជាងមុន
ភ្នំពេញ៖ ក្រុមហ៊ុន VIETTEL Cambodia បានធ្វើបទបង្ហាញស្ដីពីផែនការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងសាលារៀន (School Information System) ចំនួន៣០០០ ដោយមានក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកគ្រប់គ្រងលើទិន្នន័យ និងការរៀបចំតភ្ជាប់បណ្ដាញអ៊ីនធឺណិតសម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សា។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ស្នើលើ៣ចំណុចរួមមាន៖ ត្រូវចុះពិនិត្យតាមដានការអនុវត្តកម្មវិធីនេះនៅតាមសាលារៀន, បង្កើតក្រុមការងារដើម្បីទទួលបន្ទុក ដោយមាននាយកដ្ឋានបច្ចេកវិទ្យាដើរតួនាទីស្នូល ធ្វើការជ្រើសរើស១៥០សាលាកម្រងដើម្បីអនុវត្តកម្មវិធីនេះ និងកំណត់គម្រោងចំណាយសម្រាប់សាលានីមួយៗដើម្បីដាក់ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន VIETTEL Cambodia ដែលបានបង្កើតកម្មវិធីនេះឡើង ដែលត្រូវបានចាត់ទុកជាផ្នែកមួយនៃមធ្យោបាយក្នុងការគ្រប់គ្រងសាលាប្រសើរជាងមុន។
សូមជម្រាបថា ប្រព័ន្ធគ្រប់គ្រងសាលារៀន (SIS) ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ដែលប្រព័ន្ធនេះ ក៏បានរួមចំណែកដល់ការពិនិត្យតាមដានប្រសិទ្ធភាពការងារ ដើម្បីធ្វើអន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ទាំងនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ៕