រាជរដ្ឋាភិបាលបញ្ចេញថវិកា ៣០លានដុល្លារទៀត ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ជាង ២,៦ លាននាក់ ក្នុងអំឡុងពេលកូវីដ១៩
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី២៥សីហានេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូដ -១៩ សម្រាប់ជុំទី២។
ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ដោយពិនិត្យឃើញពីតម្រូវការ ក៏ដូចជាដើម្បីបន្តជួយកាត់បន្ថយឥទ្ធិពលនៃជំងឺកូវីដ-១៩ លើជីវភាពប្រចាំថ្ងៃ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ រយៈពេលពីរខែបន្ថែមទៀត ។
កម្មវិធីជំនួយសង្គមពិសេសនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយដោះស្រាយជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ។
ដែលមានប័ណ្ណសមធម៌ រួមបញ្ចូលលទាំងអ្នកបាត់បង់ការងារ ឬប្រាក់ចំណូល ដែលធ្វើឱ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រ កម្មវីធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជុំទី២(ខែសីហា និងខែកញ្ញា ឆ្នាំ២០២០) ដែលចាប់ផ្តើមនៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ តាមរយៈការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់វឹងនេះ នឹងបើកផ្តល់សាច់ប្រាក់ដែលជាថវិកាជាតិ ចំនួន ៣០ លានដុល្លារអាមេរិក ជូនដល់ប្រជាជនចំនួនជាង ២,៦ លាននាក់ សម្រាប់ខែសីហានេះ។
ទំហំថវិកានេះ មានការកើនឡើងពី ២៦ លានដុល្លារអាមេរិក នៅខែកក្កដា និង ២៣ លានដុល្លារអាមេរិក នៅខែមិថុនា ដោយសារ មានការកើនឡើងនៃគ្រួសារក្រីក្រ តាមរយៈការកំណត់អត្តសញ្ញាណតាមការស្នើសុំចំនួនប្រមាណ ៦០.០០០ គ្រួសារបន្ថែម កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានទទួលស្គាល់ដោយសហគមន៍ជាតិ និងអន្តរជាតិ ថាជាកម្មវិធីដែលជោគជ័យមួយ ដោយប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមបែបឌីជីថល ដែលបង្ហាញពីតម្លាភាព និងប្រសិទ្ធិភាពខ្ពស់។
ការអនុវត្តកម្មវិធីនេះនៅទូទាំងប្រទេសត្រូវបានធ្វើឡើងដោយអាជ្ញាធរឃុំ សង្កាត់ ដឹកនាំការអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងផែនការ, និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។
រាជរដ្ឋាភិបាល ក៏ទទួលស្គាល់នូវជំនួយបច្ចេកទេសដែលផ្តល់ដោយដៃគូរអភិវឌ្ឍន៍នានា ជាពិសេសអង្គការ UNICEF, UNDP, GIZ, រដ្ឋាភិបាលអូស្ត្រាលី អាល្លឺម៉ង់ ស៊ុយអែត និងសហគមអឺរ៉ុប ដែលនាំឱ្យកម្មវិធីនេះអាចដាក់ឱ្យអនុវត្តដោយរលូន នឹងប្រកបដោយភាពជោគជ័យ៕