ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃបញ្ជូនពលរដ្ឋខ្មែរ៥នាក់ឱ្យត្រឡប់ចូលមកកម្ពុជាវិញ បន្ទាប់ពីជាប់ទោស២ឆ្នាំពីបទឆ្លងដែនខុសច្បាប់

317

(ឧត្តរមានជ័យ)៖ ពលរដ្ឋខ្មែរចំនួន៥នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនត្រឡប់វិញមកវិញ តាមច្រកអន្តរជាតិជាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីជាប់ទោស២ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា នៅម៉ោង០៣៖៣៤នាទីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរប្រទេសថៃ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរ ចំនួន៥នាក់តាមច្រកអន្តរជាតិជាំ បន្ទាប់ពីត្រូវទាហានថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ និងបានជាប់ទោស២ឆ្នាំក្នុងខេត្តស៊ីសាកេត ប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង តាមច្រកត្រពាំងបី ក្នុងភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋខ្មែរទាំង៥នាក់ ខ្លះរស់នៅខេត្តឧត្តរមានជ័យ ខ្លះរស់នៅខេត្តព្រះវិហារ និងខ្លះទៀតរស់នៅខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីបានស្កែនកំដៅរកមេរោគកូវីដ១៩ និងបានលាងសម្អាតខ្លួនប្រាណ ដោយទឹកអាល់កុលពីមន្ត្រីចត្តាឡីសក័ប្រចាំច្រករួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀត និងអនុញាតឱ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

 

អត្ថបទដែលជាប់ទាក់ទង