ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បានបាត់បង់ជីវិតក្រោយពេលរអិលជើងធ្លាក់រណ្តៅដី ខណៈទឹកកំពុងហូរខ្លាំង

106


កណ្តាល៖ ស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ករណីលង់ទឹកស្លាប់ ពេលបុរសម្នាក់បានរអិលជើងធ្លាក់រណ្តៅដី នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ចំណុចបឹងស៊ីធរភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឃ្លោក ឡូត ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (ស្លាប់) មានប្រពន្ធឈ្មោះ រៀម ប៊ុនលី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ។
​ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៣:១៥ នាទី ជនរងគ្រោះ និងប្រពន្ធ បាននាំគ្នាទៅកាប់ព្រៃតាមភ្លឺប្រាំង ដើម្បីផ្លិចទឹក នៅចំណុច មាត់បឹងស៊ីធរខាងជើង។ ដល់វេលាម៉ោង ១៤:០០ នាទី ថ្ងៃដដែល ជនរងគ្រោះនិងប្រពន្ធ បានដើរត្រឡប់មកផ្ទះវិញ ដោយដើរកាត់តាមបឹងស៊ីធរ ពេលមកដល់រណ្តៅកុង ដែលមានទឹកកំពុងហូរចូល ជនរងគ្រោះរអិលជើងធ្លាក់ទៅក្នុងរណ្តៅ ឃើញដូចនោះឈ្មោះ រៀម ប៊ុនលី ទំលាក់កាំបិតចោល ហើយលោតចូលទៅជួយជនរងគ្រោះ តែជួយមិនបាន រួចបានហែលទឹកឡើងមកលើគោកវិញ ហៅគេឲ្យជួយ ភ្លាមនោះមានមនុស្សជាច្រើន បានទៅជួយរាវរក រហូតដល់ម៉ោង ១៤:៣០ នាទី ថ្ងៃដដែល ទើបរកជនរងគ្រោះឃើញ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស៊ីធរ ក្រោយមកសមត្ថកិច្ចនគរបាលជំនាញសហការជាមួយ នគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានសភាព ពោះប៉ោង ហូរទឹកចេញតាមច្រមុះ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង