ចិនព្រមានអាមេរិក៖ គ្រោះថ្នាក់ដែលអាចនឹងកើតឡើង ប្រសិនបើសហរដ្ឋអាមេរិកបញ្ជូនយន្តហោះចារកម្ម ប្រភេទ U-2 ទៅកាន់ដែនអាកាស ដែលជាតំបន់ហាមហោះហើរ នៅសមុទ្រចិនខាងត្បូង
លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បានព្រមានកាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ អំពីគ្រោះថ្នាក់ដែលអាចនឹងកើតឡើង ប្រសិនបើសហរដ្ឋអាមេរិកបញ្ជូនយន្តហោះចារកម្ម ប្រភេទ U-2 ទៅកាន់ដែនអាកាសដែលជាតំបន់ហាមហោះហើរ នៅសមុទ្រចិនខាងត្បូង ដែលនេះបើយោងតាម NHK ។
លោក Wu Qian បានបន្ថែមថា សកម្មភាពរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងបញ្ជូនយន្តហោះចារកម្មប្រភេទ U-2 ទៅកាន់សមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលដែលកងកម្លាំងយោធាចិន កំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិត អាចនាំឲ្យមានការយល់ច្រឡំ និងអាចមានការវាយប្រហារណាមួយ កើតឡើងជាយថាហេតុ។
សូមបញ្ជាក់ជូនថា ការព្រមានរបស់លោក Wu Qian ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនយន្តហោះចារកម្មប្រភេទ U-2 ទៅកាន់តំបន់ហាមហោះហើរ នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានកំណត់ដោយកងកម្លាំងយោធាចិន ក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតរបស់ខ្លួន៕