រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍ ចុះអនុស្សរណៈជួយគ្នាអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍
(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍ បានឈានដល់កិច្ចចុះអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ដែលប្រកបដោយគុណភាព និងប្រសិទ្ធភាព ខណៈថ្នាក់ដឹកនាំស្ថាប័នទាំងពីរសុទ្ធបានបញ្ជាក់ថា ការងារនេះគឺជាតម្រូវការចាំបាច់មុនគេក្នុងការពង្រឹងគោលដៅទេសចរណ៍ក្នុងប្រទេស។
ពិធីចុះអនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ សំដៅចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា។
ឯកឧត្តមបានបន្តថា ក្នុងក្របខណ្ឌការងារបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ (ទាំងផ្នែកសាធារណៈ និងឯកជន) និងបានដាក់ចេញនូវចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» សំដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងស្របតាមស្តង់ដាសមត្ថភាពអាស៊ាន តំបន់ អន្តរជាតិ និងពិភពលោក តាមរយៈការរៀបចំនូវវគ្គបណ្តុះបណ្តាល ទាំងជំនាញបន្ថែម និងជំនាញថ្មី (Up-Skilling and Reskilling) ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា។
ជាពិសេស ដើម្បីអាចធ្វើការសិក្សាបានគ្រប់ពេលវេលាគ្រប់ទីកន្លែង និងអាចពង្រឹងសមត្ថភាពជំនាញពេញមួយជីវិត ក្រសួងទេសចរណ៍ក៏បានបង្កើត និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ (Online Tourism Professional Training Management System) ដែលមានគេហទំព័រឈ្មោះ www.tptd.org របស់ខ្លួនផងដែរ។
ឯកឧត្តមបណ្ឌិត សុខ ទូច បានឱ្យដឹងដែរថា ក្រោយពីកិច្ចចុះអនុស្សរណៈនេះទៅ រាជបណ្ឌិត្យសភាកម្ពុជាបានកំណត់យកកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ធ្វើសកម្មភាពលើការបណ្ដុះបណ្ដាលផ្នែកសណ្ឋាគារ បដិសណ្ឋារកិច្ច ម្ហូបអាហារ ភេសជ្ជៈ ក៏ដូចជាការផ្លាស់ប្ដូរអ្នកជំនាញជាតិ-អន្តរជាតិ និងអ្នកជំនាញក្នុងផ្នែកសាធារណៈ-ឯកជន ដែលអាចរួមគំនិតគ្នាបង្កើតចក្ខុវិស័យលើវិស័យទេសចរណ៍សម្រាប់់ជាតិ។
ឯកឧត្តមបណ្ឌិតបានបន្តថា ក្នុងកិច្ចសហប្រតិបត្តិការនេះដែរ រាជបណ្ឌិត្យសភាកម្ពុជាមានគម្រោងបង្កើតមជ្ឈមណ្ឌល China Ready មួយ ដើម្បីបណ្ដុះបណ្ដាលភាសាចិន។ ម្យ៉ាងទៀត រាជបណ្ឌិត្យសភាកម្ពុជាក៏មានកិច្ចសហការជាមួយវិទ្យាស្ថាន ខុង ជឺ ទាំង២៣សាខានៅទូទាំងប្រទេសកម្ពុជាផងដែរ។
លោកថា ចាប់ពីពេលនេះតទៅមុខ កម្ពុជាមិនមែនគ្រាន់តែមានធនធានមនុស្សសម្រាប់បំពេញតម្រូវការទេសចរណ៍ក្នុងប្រទេសប៉ុណ្ណោះទេ តែថែមទាំងអាចនាំចេញនូវធនធានមនុស្សដែលទទួលការបណ្ដុះបណ្ដាលនៅក្នុងប្រទេស ទៅធ្វើការនៅក្រៅប្រទេសបានទៀតផង។
ក្នុងកិច្ចសម្ភាសបន្ថែមជាមួយក្រុមអ្នកសារព័ត៌មាន ឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញមហិច្ចតាចង់រួមដៃ
គ្នាជាមួយក្រសួងទេសចរណ៍ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ អភិវឌ្ឍគោលដៅទេសចរណ៍នៅតំបន់បឹងទន្លេសាប ឧទ្យានជាតិតេជោសែនឫស្សីត្រឹប តំបន់អេកូទេសចរណ៍នៅតាមបណ្ដាខេត្តនានា ដែលអាចផ្ដល់សុវត្ថិភាពខ្ពស់ដល់ភ្ញៀវទេសចរក្នុងដំណាក់កាលថ្មីៗនេះ។
ឯកឧត្តមថា ប្រទេសកម្ពុជាមានសក្ដានុពលទេសចរណ៍ច្រើន
ណាស់ រហូតដល់ប្រទេសដទៃគ្មានដូចកម្ពុជាឡើយ ដូច្នេះកម្ពុជាខ្លួនឯងត្រូវតែរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យបានខ្លាំងក្លា ដើម្បីអន្ទងចិត្តភ្ញៀវទេសចរឱ្យមកលេងឱ្យបានច្រើនឡើង មកដល់ហើយត្រូវធ្វើឱ្យគេស្នាក់នៅយូរ ទោះបីត្រូវចាកចេញទៅវិញ ក៏ត្រូវឱ្យគេចង់ត្រលប់មកវិញដែរ ឱ្យគេនិយាយពាក្យ «See you agian» កុំឱ្យគេខកចិត្ត មិនសប្បាយចិត្ត និងមិនចង់ត្រលប់មកកម្ពុជាវិញ កុំឱ្យគេនិយាយពាក្យ «Say good bye forever»។
សូមជម្រាបថា សមិទ្ធផលនៃអនុស្សរណៈនាថ្ងៃនេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូររវាងក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា ខណៈថ្នាក់ដឹកនាំទាំងពីរបានបង្ហាញជំនឿយ៉ាងមុតមាំថា អនុស្សរណៈយោគយល់នេះ នឹងជាឧបករណ៍មួយដ៏មានប្រសិទ្ធភាពមួយទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍រវាងស្ថាប័នទាំងពីរ ដែលជាស្ថាប័នបណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាវន្តនៅកម្ពុជា៕