មកស្គាល់ព្រះខ័នរាជ្យខ្មែរ មានអាយុ ១០០០ឆ្នាំ ល្បីថាសម្លាប់មុន ចាំកាត់ក្តីក្រោយ
ព្រះខ័នរាជ្យ ឬហៅថាព្រះខ័នជ័យ ជាឈ្មោះសស្ត្រា ១ យ៉ាងសឹងរាប់ជាគ្រឿងកកុធភណ្ឌ សម្រាប់ ព្រះរាជាម្ចាស់ផែនដី គឺក្សត្រដែលនឹងទទួលព្រះរាជពិធីរាជាភិសេក ជាព្រះរាជាម្ចាស់ផែនដីត្រូវមានគ្រឿងសម្រាប់ រាជ្យឲ្យគ្រប់មុខ ដែលហៅរួមថា បញ្ចកកុធភណ្ឌ ឬរាជកកុធភណ្ឌ ឬក៏ហៅខ្លីថា កកុធភណ្ឌ គឺ ១. ព្រះមកុដ, ២. ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស), ៣. ព្រះខ័ន, ៤.ស្វេតច្ឆត្រ, ៥. ព្រះសុវណ្ណបាទុកា (ស្បែកជើង មាស) ។ ភណ្ឌៈទាំង ៥ យ៉ាងនេះ រាប់ជាគ្រឿងឥស្សរិយយសរបស់ព្រះរាជាម្ចាស់ផែនដី ។
ដោយហេតុព្រះខ័ន រាប់បញ្ចូលក្នុងពួករាជកកុធភណ្ឌដូច្នេះហើយ ទើបមិនបានរាប់ជាគ្រឿងចម្បាំង ដោយត្រង់ រាប់ទៅជាគ្រឿងកម្រាប់សឹកពិសេស ឬជាគ្រឿងប្រហារជាន់ខ្ពស់, កាលនឹងស្ដេចចេញទៅធ្វើព្រះរាជ សង្គ្រាម ក៏ត្រូវយកព្រះខ័នជាប់នឹងព្រះអង្គទៅផងជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធ ឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ដែលត្រូវប្រើអាវុធខ្លីប្រហារនោះ ទោះនឹង យកព្រះខ័នប្រហារឲ្យវិនាសទៅបាន រួចសេចក្ដីទៅថា ត្រូវតែសម្លាប់ដោយកិត្តិយស ។
(ក.ក.ន) គឺបានន័យថាព្រះខ័នរាជ្យនេះ គឺជាគ្រឿងរាជសម្រាប់ការឡើងសោយរាជមួយក្នុងចំណោមគ្រឿងផ្សេងៗទាំង ៥ ដូចរៀបរាប់ខាងលើ។ មិនតែប៉ុណ្ណោះព្រះខ័នរាជ្យនេះ នៅក្នុងសម័យបុរាណ គឺមានអំណាច និងឥទ្ធិពលខ្លាំងណាស់។
មានន័យថា ព្រះខ័នរាជ្យនេះមានអំណាចស្មើស្ដេច ព្រះខ័នរាជ្យទៅដល់ទីណា ទោះបីគ្មានវត្តមានព្រះមហាក្សត្រក៏មន្ដ្រីនាម៉ឺនប្រជារាស្ដ្រ គោរពព្រះខ័នរាជ្យនេះស្មើស្ដេចដែរ។
ពេលខ្លះគេហៅថាជាដាវអាជ្ញាសឹក ខណៈពេលព្រះមហាក្សត្រប្រគល់សិទ្ធិដាវនេះឲ្យមន្ដ្រី នាម៉ឺនណាទៅអនុវត្តបទបញ្ជាព្រះមហាក្សត្រ គឺ អ្នកនោះអាចប្រើដាវនេះសម្រេចកិច្ចជូនព្រះមហាក្សត្រនៅទីនោះដែរ រហូតដល់ថា អ្នកណារឹងទទឹងសម្លាប់មុនកាត់ក្ដីជាក្រោយក៏បាន។
ព្រះខ័នរាជ្យសព្វថ្ងៃនេះគេតម្កល់ទុកនៅហោព្រះបញ្ចក្សេត្រ (ហោទេវរូប) នៅក្នុងព្រះបរមរាជវាំង មានពួកបារគូជាភ្នាក់ងារថែរក្សាយ៉ាងតឹងរ៉ឹង ហើយនឹងមានកិច្ចធ្វើពិធីបូជារៀងរាល់ខែផង
កំណត់ពលីការក្នុង ១ខែ ២ដង, តាមប្រក្រតី គេធ្វើខាងខ្នើតម្ដង, ខាងរនោចម្ដង, តែជួនកាលខាងខ្នើតមិនបានធ្វើ គេទៅធ្វើខាងរនោចពីរដងតែម្ដងក៏មាន, ការធ្វើខាងខ្នើតខាងរនោចនេះ មិនមានកំណត់ឲ្យជាការទៀងទាត់ទេ ស្រេចតែមានឱកាសស្រួលកាលណា ក៏ធ្វើកាលនោះទៅ មានកំណត់ទៀងតែក្នុង១ខែត្រូវធ្វើពីរដង នឹងបន្ថយឲ្យតិចទៅជាងនេះពុំបាន, ហើយមានកំណត់ឈ្មោះថ្ងៃដែលត្រូវធ្វើបានតែ៣ឈ្មោះ គឺ ថ្ងៃអង្គារ ១, ថ្ងៃព្រហស្បតិ៍ ១, ថ្ងៃសៅរ៍ ១។
តែក្នុងមួយខែៗ គប្បីធ្វើឲ្យត្រូវក្នុងព្រហស្បតិ៍ម្ដងៗ ជាដរាបដល់គ្រប់ទាំង ១២ខែ, ឯថ្ងៃអង្គារ និងថ្ងៃសៅរ៍ គេធ្វើឆ្លាស់គ្នា ឧបមាដូចយ៉ាងផ្ដើមធ្វើឡើងក្នុងខែមិគសិរជាដំបូង ក្នុងខែដំបូងនោះ
បើវារៈដំបូងធ្វើក្នុងថ្ងៃអង្គារក្ដី ឬក្នុងថ្ងៃសៅរ៍ក្ដី នោះវារៈទី២ ត្រូវធ្វើនៅក្នុងថ្ងៃព្រហស្បតិ៍ ឬវារៈដំបូងធ្វើក្នុងថ្ងៃព្រហស្បតិ៍ វារៈទី២ នឹងធ្វើក្នុងថ្ងៃអង្គារ ឬថ្ងៃសៅរ៍ឯណានីមួយក៏បាន ។
ក្នុងខែទី២ បើក្នុងខែដំបូងធ្វើក្នុងថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍ហើយ ត្រូវធ្វើក្នុងថ្ងៃសៅរ៍ និងថ្ងៃព្រហស្បតិ៍ គេឆ្លាស់គ្នាដូច្នេះរៀងគ្រប់ៗខែ រហូតរយឆ្នាំ ពាន់ឆ្នាំទៅ ។ ឯគ្រឿងពលីការព្រះខ័នរាល់ៗខែនោះ មានកំណត់ចំនួនដូច្នេះ
សំពត់ស ៤ត្បូង គឺ ៣២ហត្ថ, បាយសី ៥រួត ១គូ, ស្លាធ័រ ១គូ, ស្លាជម ១គូ, ស្លាត្រួយ ៥, បាយព្រះ ៥កញ្ចប់, ប្រាក់ ៥ស្លឹង (វេលានេះគេដាក់ ៥កាក់), ចម្អាប ២តុ, បង្អែម ២តុ, ក្បាលជ្រូក ១គូ, ទាស្ងោរ ១គូ, មាន់ស្ងោរ ១គូ ។
គេរៀបតុ១ តូចទាបក្រាលពូក ដាក់ខ្នើយតូច១ ពីមុខតុ គឺពីខាងកើត គេក្រាស់ព្រំ ហើយរៀបគ្រឿងពលីការ ដូចមានខាងលើនេះ វេលាប្រមាណយាម ២ គឺម៉ោង ១០ព្រឹក គេអញ្ជើញព្រះខ័នមកដាក់តម្កល់លើពូក ដាក់ចុងទៅខាងត្បូង គល់ទៅខាងជើង ហើយពួកព្រាហ្មណ៍ ៨នាក់សូត្របូជា ស្រេចហើយអញ្ជើញទុកកន្លែងដើមវិញ ។
ការហូតព្រះខ័ននេះចេញពីស្រោម មានកំណត់ហូតបានតែក្នុងថ្ងៃអង្គារដែលមានធ្វើពិធីពលិការ ថ្ងៃឯទៀតដូចយ៉ាងថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ សូម្បីមានពលីការក៏ហូតមិនបាន ។
លោកថា ព្រះខ័នរាជ្យអង្គនេះ ជារបស់បុរាណ សង្កេតមើលលក្ខណៈក៏គួរជឿដូច្នោះពិត តាមក្នុងរាជពង្សាវតារថា សាងឡើងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះកេតុមាលា រួមវេលាប្រមាណជាង ១០០០ឆ្នាំហើយ រាប់ជារបស់បុរាណដោយពិត ។
«លក្ខណៈព្រះខ័នរាជ្យ» ផ្លែព្រះខ័ន មានមុខទាំងសងខាង រាងប្រហែលនឹងស្លឹកស្រូវ ខ្នាតវាស់រួមពីដងដល់ចុងស្រោម ១ ម ០៨៧ បណ្ដោយទាំងដងទាំងផ្លែ ១ ម ០០៧ បណ្ដោយផ្លែ ០ ម ៧២ ទទឹងផ្លែ ០ ម ០៦ បណ្ដោយដងប្រវែង ០ ម ២៨៧ បណ្ដោយស្រោម ០ ម ៨០ ទទឹងស្រោម ០ ម ០៨៥ ។
ក្បាច់រចនា៖ នៅគល់ផ្លែនិងតាមជួរកណ្ដាលផ្លែមានក្បាច់ វៀរតែមុខនិងចុង, នៅរវាងក្បាច់ខាងគល់ផ្លែទាំងសងខាង មានរូបព្រះឥន្ទគង់លើដំរីក្បាលបី និងរូបព្រះវិស្ណុឈរលើក្បាលរាហូ ។ ដងមាសក្បាច់សុស ហើយបញ្ចុះថ្នាំពណ៌ ចុងដើមដងមានប្រដាប់ត្បូងផ្សេងៗជាច្រើនគ្រាប់ ។
ស្រោមមាស មានរចនាសុស រវាងកណ្ដាលស្រោមមានរូបព្រះវិស្ណុ និងព្រះរាមគង់លើពាហនៈផ្សេងៗ គឺនៅខាងចុងស្រោមឬនៅខាងលើបង្អស់ រូបព្រះវិស្ណុព្រះហស្ដ៤ គង់លើគ្រុឌ នោះចាប់នាគដោយជើងទាំងសងខាង, តមក ៥រូប គេស្មានថា រូបព្រះរាមគង់លើស្ដេចពានរផ្សេងៗ គឺគង់លើមហាជម្ពូ១, គង់លើពាលី១, គង់លើសុគ្រីព (សុគ្រីវៈ) ១, គង់លើអង្គទ១, គង់លើហនុមាន១ ។
(សសម្រង់ចេញពី ព្រះរាជពិធីទ្វាទសមាស, ភាគ១, ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ, ព.ស.២៥១២, ទំ.១២២១២៦)
កំណត់សម្គាល់ ព្រះខ័នមានបីប្រភេទ គឺ ៖ ១.ព្រះខ័នរាជ្យ ២.ព្រះខ័នរង ៣.ព្រះខ័នស្ដេចត្រាញ់ ។