ប្រតិបត្តិករទេសចរណ៍ អាចបង្កើតប្រព័ន្ធ QR Codeចូលរួម ចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍
ភ្នំពេញ៖ ដើម្បីចូលរួមចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ក្រសួងទេសចរណ៍បានដាក់ចេញនូវ “ចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍” សំដៅជំរុញ និងលើកទឹកចិត្ត ដល់ប្រតិបត្តិករទេសចរណ៍ ឱ្យខិតខំប្រឹងប្រែងផ្ដល់សេវា បដិសណ្ឋារកិច្ចល្អប្រកប ដោយស្ដង់ដារ ត្រឹមត្រូវ ស្មោះត្រង់ និងកក់ក្ដៅដល់ភ្ញៀវទេសចរ គាំទ្រផ្សព្វផ្សាយ យុទ្ធនាការ កម្ពុជា៖ “ព្រះរាជាណាចក្រអច្ឆរិយៈ” ផ្ដល់ភាពកក់ក្ដៅ ដល់ភ្ញៀវទេសចរ ។
ក្រសួងទេសចរណ៍ បានរៀបចំឯកសារ “គោលការណ៍ណែនាំ បដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍” និងបានបង្កើតកម្មវិធី QR Code វាយតម្លៃបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ អាចផ្ដល់មតិយោបល់ លើការផ្ដល់សេវារបស់មូលដ្ឋាន អាជីវកម្មទេសចរណ៍ចំនួន ៧ ដូចជា សេវាសណ្ឋាគារ សេវាភោជនីយដ្ឋាន សេវាទីភ្នាក់ងារទេសចរណ៍ សេវាស្ប៉ា និងម៉ាស្សា សេវាមណ្ឌលកម្សាន្ដមនុស្សពេញវ័យ សេវាលក់វត្ថុអនុស្សាវរីយ៍ និង សេវាដឹកជញ្ជូនទេសចរណ៍។
ប្រតិ្តបត្តិករទេសចរណ៍ និងមន្ត្រីមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវទទួលបានការបណ្តុះបណ្តាល អំពីរបៀបចូលរួមការប្រឡងប្រណាំង បដិសណ្ឋារកិ្ចចល្អ ក្នុងសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី “បដិសណ្ឋារកិច្ចល្អ” កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ចំនួនប្រមាណ៧០០នាក់។
លោក ណេប សាមុត អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ថ្លែងថា មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ អាចចុះឈ្មោះចូលរួម ក្នុងចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ ដើម្បីទាញយក QR Code សម្រាប់ប្រើប្រាស់ ក្នុងការស្ទង់មតិយោបល់ ឬប្រើប្រាស់ QR Code លើវិក្កយបត្រ ឬសម្ភារៈផ្សព្វផ្សាយនានា របស់មូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន៕