អាជ្ញាធរខណ្ឌទួលគោកត្រៀមរួចរាល់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់និងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោកបានត្រៀមកម្លាំងរួចរាល់ហើយ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់និងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ–១៩ នាឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
នេះបើតាមការបញ្ជាក់របស់លោកឯក ឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២០នេះ នៅសាលាខណ្ឌគោកក្រោមវត្តមានលោកមែនស្រីម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកនិងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ មន្ត្រីខណ្ឌ សង្កាត់ផងដែរ។
លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិខ្មែរតាំងពីបុរាណកាលមក នឹងឈានមកដល់មិនដល់មួយខែទៀតទេ ។ ក្នុងពិធីបុណ្យនេះ ក្នុងនាម
គណៈបញ្ជាការឯកភាពខណ្ឌយើងបានត្រៀមកម្លាំងរួចរាល់ហើយ ក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងពិធីនេះ ។ ក្នុងពិធីបុណ្យនេះលោកឯកឃុនដឿន ក៏បានណែនាំអោយសង្កាត់ទាំង១០និងផ្សារទាំង៤ ត្រូវត្រៀមរៀបចំវេនបិណ្ឌ ១វេនមួយសង្កាត់ ឬមួយផ្សារ ដោយសារថា នៅក្នុងខណ្ឌទួលគោករបស់យើងមានតែវត្តមួយគត់ នោះគឺវត្តនាគវ័ន។ ដូច្នេះត្រូវចូលរួមធ្វើបុណ្យដាក់បិណ្ឌ
ភ្ជំ បិណ្ឌទាំងអស់គ្នា។ ដោយឡែកការបង្ការទប់ស្កាត់នូវការរីករាលដាលនៃមេរោគកូវីត–១៩ យើងបានត្រៀមរួចរាល់ហើយដែរ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស ការលាងដៃនឹង សាប៊ូទឹកស្អាត អាកុលនិងជែលជាដើម។
ពាក់ព័ន្ធនឹងជំងឺកូវីដ–១៩នេះដែរ លោកអភិបាលខណ្ឌទួលគោក ក៏បានលើកឡើងពីការកាត់បន្ថយនូវការចំណាយទៅលើគម្រោងអភិវឌ្ឍន៍មួយចំនួននៅក្នុងមូលដ្ឋានខណ្ឌ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយសារបញ្ហាប្រឈមនៃជម្ងឺកូវីដ–១៩។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរាជរដ្ឋាភកិបាលមិនបានអោយកាត់ ការចំណាយទៅលើប្រជាពលរដ្ឋក្រីក្រ ដូចជាការផ្ដល់សេវាជូនប្រជាពលរដ្ឋនិងការចំណាយទៅលើកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋនោះទេ៕