ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ចូលរួមសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១១ តាមរយៈសន្និសីទវីដេអូ ក្រោមប្រធានបទ «លើកកម្ពស់ភាពស្អិតរមួត»

95
នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ ចូលរួមសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១១ តាមរយៈសន្និសីទវីដេអូ ជាមួយនិងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ក្រោមប្រធានបទ «លើកកម្ពស់ភាពស្អិតរមួត» និងការឆ្លើយតបអាស៊ាន តាមរយៈការតភ្ជាប់ប្រកបដោយភាពរឹងមាំ នៃការអភិវឌ្ឍធនធានមនុស្ស ក្រោមអធិបតីភាពឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអគ្គលេខាធិការរង ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម Tran Duc Binh ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន បានថ្លែងមតិស្វាគមន៍ទៅកាន់ប្រទេសជាសមាជិកដែលចូលរួមក្នុងសន្និសីទនេះ ដោយបានលើកឡើងថា សន្និសីទនេះជាខួបទី១០នៃការបង្កើតផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (Master Plan on ASEAN Connectivity 2025)ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១០។ ឯកឧត្តមបានបន្តថា សន្និសីទនេះជាវេទិកាសម្រាប់ប្រទេសដែលជាសមាជិកអាស៊ានចូលរួមក្នុងការកំណត់នូវវិស័យជាអាទិភាព ដើម្បីពង្រឹងការអនុវត្តផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥។
ជាងនេះទៀត ឯកឧត្តម បានបន្ថែមថា សន្និសីទលើកទី១១ មានលក្ខណៈខុសប្លែកពីឆ្នាំកន្លងទៅ ដោយហេតុថាប្រទេសនានាកំពុងទទួលរងឥទ្ធិពលអវិជ្ជមានពីជំងឺកូវីដ-១៩ ហើយកិច្ចប្រជុំនេះ ជាឱកាសដ៏សំខាន់សម្រាប់ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ ក្នុងការពិនិត្យ និងពិភាក្សា ដើម្បីរកដំណោះស្រាយ និងវិធីសាស្ត្រប្រឈមមុខនឹងបញ្ហាទាំងឡាយ។ ក្នុងនោះផងដែរ ឯកឧត្តម បានបង្ហាញក្ដីសង្ឃឹមថា សម្រាប់សន្និសីទលើកទី១១នេះ នឹងទទួលបាននូវលទ្ធផលផ្លែផ្កាច្រើន តាមរយៈការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នារវាងសមាជិកដែលបានចូលរួម។
គួរបញ្ជាក់ថា សន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១១នេះត្រូវបានរៀបចំឡើងដោយប្រទេសវៀតណាមដែលជាប្រធានអាស៊ាន ក្នុងគោលបំណងផ្លាស់ប្ដូរទស្សនៈ និងកំណត់សក្ដានុពល នៃកិច្ចសហប្រតិបត្តិការជំរុញរបៀបវារៈ នៃការតភ្ជាប់អាស៊ាន និងរិះរកវិធានការ និងឱកាស ដើម្បីកាត់បន្ថយជំងឺកូវីដ-១៩។ ព្រមជាមួយគ្នានេះ សន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១១នេះ មានការពិភាក្សាលើប្រធានបទមួយចំនួន ដូចជា៖ ផលប៉ះពាល់ថ្នាក់តំបន់នៃការរីករាលដាលនូវជំងឺកូវីដ-១៩, ការតភ្ជាប់សង្វាក់ការផ្គត់ផ្គង់សម្រាប់ការឆ្លើយតបជំងឺកូវីដ១៩ និងការស្ដារឡើងវិញ, និងការព្រាងលើការតភ្ជាប់អាស៊ានសម្រាប់ពេលអនាគត៕
 
អត្ថបទដែលជាប់ទាក់ទង