ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន យកថ្ងៃអាទិត្យ សម្រាកដឹកនាំមន្ត្រីចុះពិនិត្យសកម្មភាពការស្តារអណ្តូងលូ ផ្លូវស្រុត និងពិនិត្យពន្លឿនការងារបុកស៊ីផាយប្រឡាយ

97

 

ភ្នំពេញ ៖ ថ្ងៃឈប់សម្រាកនៅថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមន បានដឹកនាំមន្រ្តីចុះត្រួតពិនិត្យលូនៅផ្លូវ ៤៩០ កែង១៣៥ ដែលមានការកកស្ទះ ក្រោយពីពិនិត្យលូរួច លោកអភិបាលក៏បន្តត្រួតពិនិត្យវឌ្ឍន:ភាពនៃការបន្តបុកសៀផាយប្រឡាយបឹងត្របែកដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ និងពិនិត្យការបាក់ស្រុតផ្លូវនៅមហាវិថីព្រះនរោត្តមត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ស្ថិតនៅសង្កាត់ទន្លេបាសាក់។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានណែនាំដល់ក្រុមការងារ ទទូចអោយភាគីពាក់ព័ន្ធពន្លឿនដំណោះស្រាយអោយឆាប់រួចរាល់ ដើម្បីអោយប្រជាពលរដ្ឋរស់នៅ លើប្រឡាយដែលបានរុះរើផ្ទះ ឆាប់បានសាងសង់ផ្ទះស្នាក់នៅឡើងវិញតាមកន្លែងរៀងៗខ្លួនព្រោះជារដូវវស្សាដែលប្រជាពលរដ្ឋខ្វះទីស្នាក់នៅផងដែរ។

លោក ថេង សុថុល បានបញ្ជាក់ថា បើតាមគម្រោងការបុកស៊ីផាយប្រើរយៈពេលប្រមាណ៣០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ស្មើចំងាយ ២៧១ម៉ែត្រ ។ លោកថា មកដល់ពេលបានធ្វើរួចរាល់ហើយ ស្មើ១៥៣ម៉ែត្រ ក៏បានជួបស្ថានភាពបាក់ទ្រេតបែបនេះ លោកបញ្ជាក់ថា យ៉ាងណាការងារចំពោះមុខដែលត្រូវដោះស្រាយ អាជ្ញាធរនិងបង្កើតគណៈកម្មាការ ដើម្បីចុះពិនិត្យលើបញ្ហាបច្ចេកទេស ដើម្បីធ្វើការដោះស្រាយអោយបានឆាប់ទាន់ពេលវេលាតាមតែអាចធ្វើទៅបាន៕

អត្ថបទដែលជាប់ទាក់ទង