បុរសជើងខ្លាំងដកកាំភ្លើងAK ចេញពីរថយន្តរកបាញ់ ប្រជាជនគឺជាកូនលោកញឹកថនហៅតាកៅ
កំពង់ឆ្នាំង៖បុរសដែលជើងខ្លាំងដកកាំភ្លើងAK .47ចេញពីក្នុងរថយន្តមកកាន់សំញ៉ែងគម្រាម ប្រជាពលរដ្ឋ ត្រូវបានគេទម្លាយថា ជាកូនលោក ញឹក ផន ហៅតាកៅ ថៅកែជីរណ្តៅដីធំជាងគេនៅទំនប់កប់ស្រូវ ល្បីពេញរាជធានីភ្នំពេញ ខាងដឹកដីបំផ្លាញផ្លូវ បើកប្រជែង ឡានច្រើនដូចហែកឋិន។
ប្រភពគួរឱ្យជឿទុកចិត្តបានឱ្យដឹងថា៖ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឡោមព័ទ្ធជនទំនើងរូបនេះ នៅក្នុងក្រុមហ៊ុនចំការអំពៅ ឯខេត្តកំពង់ឆ្នាំង ខណៈបង្កហេតុហើយ សមត្ថកិច្ចតាមប្រមាញ់ រូបគេដឹងខ្លួនគេចខ្លួនចូលក្នុងចំការអំពៅ។
ប្រភពដដែលបន្តថា៖ នគរបាលខេត្តកំពង់ឆ្នាំងអាចបន្តឡោមព័ទ្ធទល់ភ្លឺ ដោយសារផុតម៉ោងរដ្ឋបាលមន្ត្រីនគរបាលយុត្តិធម៌ មិនអាចចូលក្នុងទីតាំងនោះបាន។
ពាក់ព័ន្ធករណីខាងលើ មជ្ឈដ្ឋានទូទៅបង្ហាញការស្អប់ខ្ពើមជនទំនើងប្រភេទនេះបំផុត។ រួចរិៈគន់ថា៖ ខ្លាំងម្លេះលោក..! សម័យនេះហើយហ៊ានយកកាំភ្លើងមកគម្រាមអ្នកដទៃ..ដឹងទេថាប្រទេសគ្រប់គ្រងដោយច្បាប់។
សូមបញ្ជាក់ថា៖ ករណីកេីត ហេតុ នៅរសៀល ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ នៅ ភូមិ ថ្នល់កែង ឃុំ ក្បាល ទឹក ស្រុក ទឹក ផុស ខេត្ត កំពង់ ឆ្នាំង ។ ជនទំនើងនេះបានសំឡុតទៅលើអ្នកដំណើរដែលបើកម៉ូតូ ជិតឡានរបស់ខ្លួន ក៏ទាស់ពាក្យសំដី ហើយទាញកាំភ្លើងAK ពីឡានគម្រាម។ ក្រោយមកជាមួយគូកន បានព្យាយាមបើកឡានចេញពីកន្លែងកើតហេតុ ប៉ុន្តែសកម្មភាពរបស់ជនទំនើងត្រូវបានគេថតជាឃ្លីបវីដេអូប្រមាណជា៥០វិនាទី ផងដែរ។សង្ឃឹមថា៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងប្រមាញ់ ឃាត់ខ្លួនជនទំនើងនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញព័ត៌មានបន្ទាន់ថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) រហ័សនាម ០៩ (អ្នកបេីកបររថយន្ត) និងឈ្មោះ ប្រាក់ សំបាន (អ្នកបេីកបរម៉ូតូ)។ ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបេីកបររថយន្ត (រហស្សនាម០៩) ទាញកាំភ្លើងវែងពីក្នុងរថយន្តគម្រាម ភាគីអ្នកបេីកបរម៉ូតូ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកទឹកផុសចុះទៅកន្លែងកើត ដើម្បីចាត់ការតាមនីតិវិធី ។ អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី មតិសាធារណជនដែលទទួលបានព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកមេត្តាជ្រាប ។