ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុសលោកឧកញ៉ា ញឹក ផន ហៅ (កៅ) ប្រើកាំភ្លើងអាកាគំរាមអ្នកជិះម៉ូតូ នៅកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ

79

 

កំពង់ឆ្នាំ៖ បុរសម្នាក់ជា កូនរបស់ លោកឧកញ៉ា ញឹក ផន ហៅ (កៅ)បានប្រើប្រាស់ កាំភ្លើងអាកាគំរាមអ្នកជិះម៉ូតូ សង្ស័យផ្តើមចេញពីការទំនាស់ រឿងបើកបរលើដងផ្លូវ នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនោះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនហើយ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនតាំងពីយប់មិញ(៣១សីហា) និងកំពុងសួរនាំ ដេីម្បីចាត់វិធានការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជម្លោះខាងលើនេះកើតឡើងរវាងកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅ (កៅ) ដែលគេហៅឈ្មោះក្រៅថា០៩ ជាមួយនឹងភាគីម្ខាងទៀតជិះម៉ូតូមួយគ្រឿងមានគ្នាពីរនាក់។

លោកស្នងការរងបានបញ្ជាក់ថា បុរសរូបនោះ មានឈ្មោះ ញឹក ផល អាយុ ៣៨ឆ្នាំ។ ជនដែលមានអាវុធអាកាប្រើប្រាស់នេះ មិនមែនជាកងកម្លាំងនោះទេ គឺគ្រាន់តែជាអ្នកបម្រើការក្នុងក្រុមហ៊ុនមួយកន្លែងនៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប៉ុណ្ណោះ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញព័ត៌មានបន្ទាន់ថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) រហ័សនាម ០៩ (អ្នកបេីកបររថយន្ត) និងឈ្មោះ ប្រាក់ សំបាន (អ្នកបេីកបរម៉ូតូ)។ ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបេីកបររថយន្ត (រហស្សនាម០៩) ទាញកាំភ្លើងវែងពីក្នុងរថយន្តគម្រាម ភាគីអ្នកបេីកបរម៉ូតូ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកទឹកផុសចុះទៅកន្លែងកើត ដើម្បីចាត់ការតាមនីតិវិធី ។ អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី មតិសាធារណជនដែលទទួលបានព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកមេត្តាជ្រាប ។

សូមបញ្ជាក់ថា៖ ករណីនេះកេីតហេតុ នៅរសៀល ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ នៅ ភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ជនទំនើងនេះបានសំឡុតទៅលើអ្នកដំណើរដែលបើកម៉ូតូ ជិតឡានរបស់ខ្លួន ក៏ទាស់ពាក្យសំដី ហើយទាញកាំភ្លើងAK ពីឡានគំរាមគូរភាគី៕

អត្ថបទដែលជាប់ទាក់ទង