ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ៖ អំពាវនាវប្រជាពលរដ្ឋកុំឲ្យចាញ់បោក ក្រុមប្រឆាំងកាត់តសំឡេង ម៉េង កែវពេជ្ជតា

138


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មខ្លាំងៗតបទៅក្រុមប្រឆាំង ដែលបានកាត់តសំឡេងឡាយវីដេអូឃ្លីប របស់តារាចម្រៀង ម៉េង កែវពេជ្ជតា ថាមើលងាយប្រជាជនកម្ពុជា ល្ងង់ ក្រ ជាដើម តាមពិត តារាចម្រៀង ពេជ្ជតា និយាយសំដៅទៅលើតែក្រុមប្រឆាំងមួយក្រុមនោះទេ មិនមែនលើប្រជាជនកម្ពុជាទាំងអស់នោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងការពារឃ្លីបវីដេអូតារាចម្រៀង ម៉េង កែវពេជ្ជតា ផងដែរ ដែលត្រូវអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ យកទៅកាត់តកែកាឡៃសំឡេងថា មើលងាយប្រជាពលរដ្ឋខ្មែរ។ សម្តេចតេជោ អំពាវនាវប្រជាពលរដ្ឋកុំឲ្យចាញ់បោក ការកាត់តរបស់ក្រុមអ្នកគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ។

ក្នុងពេលជួបជាមួយកម្មករោងចក្រ នៅព្រឹកថ្ងៃទី២ខែសីហានេះ បន្ទាប់ពីការបោះឆ្នោត ត្រូវបានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “នៅកម្មវិធីព្រឹកនេះ តារាចម្រៀង ម៉េង កែវពេជ្ជតា មកដែរឬអត់ ? ខ្ញុំបានមើល រឿងមិនគួរកើតឡើងនោះទេ តារាចម្រៀងដែលល្បីឈ្មោះនៅទីនេះ ។ នៅពេលដែលកូនឯងឡាយក្នុងហ្វេសប៊ុកនោះ ពុកបានមើលផ្ទាល់តែម្តង ពេលនោះគ្នាទើបតែមកពីហែគណបក្សនៅខេត្តត្បូងឃ្មុំ ដែលមានពាក់អាវគណបក្ស និងមានក្រមាបង់ក និងមានរូបសញ្ញាគណបក្ស​ប្រជាជនកម្ពុជាទៀតផង។ ហើយក្រុមប្រឆាំងបានយកសំឡេងឡាយទៅកាត់តថាម៉េង កែវពេជ្ជតា មើលងាយប្រជាជនខ្មែរ “ថាល្ងង់ ថាក្រ” ក៏ប៉ុន្តែបើឃ្លីបនេះ បើតាមខ្ញុំតាមដានមើលការឡាយផ្ទាល់ គឺក្រុមប្រឆាំងបានចូលមកជេរៗតែម្តង តែកែវ ពេជ្ជតា បានតបវិញថា និយាយបែបនេះ គឺមិនមែនឆ្កូតទេ គឺល្ងង់តែម្តង ហើយនាងថា ខាងនេះ គេមានមនុស្ស និងអ្នកចេះដឹង គេមិនមែនប្រើមនុស្សល្ងង់ដូចអ្នកឯងទេ ។ ស្រាប់តែវាយកទៅកាត់តភ្លាមៗ បង្កើតបានរឿងមួយថ្មីទៀត ធ្វើឲ្យស្អប់ចំពោះសិល្បករ សិល្បការិនី ។ គ្រាន់តែរឿងប៉ុណ្ណឺង បានបង្កើតទៅជារឿងថ្មីមួយ ធ្វើឲ្យអាប់ឱនកិត្តិយសសិល្បករ សិល្បការិនី ដែលគ្រាន់តែប្រើសិទ្ធិខាងនយោបាយ ។ អ្នកណាគាំទ្រគេ គេថាស្នេហាជាតិ ឯកអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា គឺក្បត់ជាតិទាំងអស់” ។

សម្តេចតេជោ បានថ្លែងថា “សូមប្រយ័ត្នក្មួយៗដែលមិនបានដឹង មកជឿឃ្លីបវីដេអូនេះ កាត់តថាម៉េង កែវពេជ្ជតាមើលងាយប្រជាជនខ្មែរថា “ល្ងង់ ក្រ” ហើយសូមបងប្អូនត្រូវមើលឃ្លីបវីដេអូដើម។ ពាក្យថាល្ងង់នេះ មិនមែនចោទទៅលើប្រជាជនកម្ពុជាល្ងង់នោះទេ គឺសំដៅទៅលើមនុស្សមួយក្រុមនោះដែលល្ងង់”។

គណបក្សប្រជាជនកម្ពុជា ត្រូវមានការទទួលខុសត្រូវចំពោះសមាជិកសមាជិការដែលគាំទ្ររបស់ខ្លួនដែរ មិនត្រូវទុកឲ្យគេប្រមាថនោះទេ ហើយសមាជិកសិល្បករសិល្បការិនី បានចូលរួមច្រើនណាស់ ហើយយើងក៏មិនត្រូវទុកឲ្យសិល្បករសិល្បការិនី ដែលមានប្រជាជនរាប់លាននាក់ បាននិយមចូលចិត្ត ត្រូវគេប្រមាថ ភូតកុហកបោកប្រាស់ ឲ្យក្លាយទៅជារឿងដែលសង្គមស្ងប់ខ្ពើមនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា “រឿងគេ និយាយអីចេះ វាយកទៅកាត់អីចុះ”។

បើតាមអ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរក្នុងផេកហ្វេសប៊ុករបស់ខ្លួន ថា “ជូនប្អូនប្រុស​ ទឹម​ សុជា​ ហៅ​ រាជបុត្រអសូរ្យកាយ​ ! បងចង់ប្រាប់ប្អូនថា​ ប្អូនឆ្លៀតឱកាសពេកហើយ​ ។ គេនិយាយពីរឿងនេះ​ ប្អូនយកពង្រីករឿងនោះ​ តើបំណងចង់បានអី​ ? យើងមិនដែលមានរឿងអ្វីជាមួយគ្នាទេ​ ចាំបាច់មកមួលបង្កាច់បង​ ? ដល់ពេលប្អូនធ្វើបែបហ្នឹង​ គឺប្អូនទេដែលសាហាវ​ ! ! ហ៊ឺ សាហាវមែន​ អ្នកនយោបាយ​ ! ! បើបងប្អូនចង់ដឹង​រឿងច្បាស់​ សូមចូលក្នុងផេករបស់នាងខ្ញុំ​ កុំចេះតែជឿសំដីគាត់​ គេកំពុងលាបពណ៌អោយខ្ញុំហើយបងប្អូន” ។

អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរ ក្នុងផេកហ្វេសប៊ុកថា “បុរសម្នាក់នេះ​ (ឈ្មោះក្នុងផេកហ្វេសប៊ុក Kongkaeb Boak) លួចចេញវីដេអូនិយាយពីក្រោយខ្នង​ខ្ញុំ​ ហើយ​ Caption របស់គាត់សរសេរបង្ខូចកិត្តិយសខ្ញុំយ៉ាងសាហាវ​ តែសុទ្ធជារឿងមិនពិត​ ។ គាត់​ចង់​ថា​ខ្ញុំមានថ្ងៃនេះដោយសារគាត់​ មួយទៀតគាត់ចង់បង្អួត​ពិភពលោកថាខ្ញុំនិងគាត់មានទំនាក់ទំនងពិសេស ? ? ពិតជាអាក្រក់មែន​ តែគួរអោយចង់សើច​នៅពេលបងៗខ្ញុំ​ និងខ្ញុំសួរទៅគាត់​ គាត់បែរជាស្លន់ស្លោ​ ឆ្លើយទាំងរដិបរដុបទៅមុខទៅក្រោយ​ មិនចំសំនួរ​ និងលែងក្លាហានដូចកាលនិយាយពីដំបូង​ព្រោះគាត់ភ្ញាក់ផ្ញើលមិននឹកស្មានថា ការនិយាយបោកប្រាស់របស់គាត់ ត្រូវអាក់ខានដោយសារបងប្អូនខ្ញុំ បានឃើញហើយចូលទៅសួរចំៗដូច្នេះ ។​ ខ្ញុំចង់ប្រាប់វិញថា​ ខ្ញុំមានកិត្តិយសរាល់ថ្ងៃដោយសារឈាមឪពុកម្តាយខ្ញុំ​ និងការចូលរួមជ្រោមជ្រែងដំបូងបង្អស់ពីលោកជំទាវ​ ចាន់​ ធី​ ជាមួយលោកឪពុកខ្ញុំ​ប៉ុណ្ណោះ​ ។ បន្ទាប់មកមានថ្នាក់ដឹកនាំទូរទស្សន៍ជាតិកម្ពុជា​ ថ្នាក់ដឹកនាំនៅក្រសួងវប្បធម៌​ និង​នាយយកដ្ឋានសិល្បៈ​ ក្នុងឆ្នាំ១៩៨៦​ ខ្ញុំអាយុ​ ១០ឆ្នាំ​ និងចុងក្រោយបន្ទាប់ពីខ្ញុំមានកិត្តិស័ព្ទល្បីល្បាញទាំងក្នុង​ និងក្រៅប្រទេសហើយ​ គឺបណ្តាផលិតកម្មនានា ដែលមិនមែនជាលោកឈ្មោះ​ កង្កែបបោក​ នេះជាអ្នកជ្រោមជ្រែងឡើយ​ ។​ ឯរឿងថាខ្ញុំមានទំនាក់ទំនងពិសេស​ និងពាក្យសម្បថអ្វីនោះ​ គឺជាសាច់រឿងដែលគាត់តាក់តែងឡើង ដើម្បីទាក់ទាញមហាជនអោយលង់ជឿប៉ុណ្ណោះ​ ។ ដែលខ្ញុំ​ Share live ពីគាត់មកនេះព្រោះខ្ញុំចង់ឲ្យពិភពលោកបានភ្លឺភ្នែកផងថា រាល់ការផុស​និយាយអាក្រក់​ពីខ្ញុំ​សុទ្ធតែមិនពិត​ ព្រោះរឿងប្រឌិតកាត់តទាំងឡាយផ្តើមចេញ ពីក្រុមមនុស្សមាត់ស្អុយស៊ីឈ្នួលជេរបញ្ចោរឲ្យបក្សដើម្បីដូរបាយហូប​មកដើរតួបន្លំជាទស្សនិកជន​ គឺមិនមែនចេញពីអ្នកល្អជាឡើយ​ ។ គាត់ធ្វើការជាក្រុម​ បំបែកគ្នាលួចធ្វើសកម្មភាពវាយប្រហារពីក្រោយខ្នងកំសាកបំផុត ហើយពួកគេជំនាញខាងជេរបញ្ចោរអាវ៉ាសែ ដោយយកលេសផ្សេងៗមកចោទ​ប្រកាន់យ៉ាងថោកទាប​ ចោទសម្លាប់​ ចោទលុះគាត់ក្ស័យ​ដូចសម័យប៉ុលពត​ដើម្បីធ្វើយ៉ាងណាបំផ្លាញ ប្រជាប្រិយភាពខ្ញុំឲ្យបាន​ និងបានចំណេញនយោបាយផង​ ។ ជាក់ស្តែងវីដេអូពីបុរសម្នាក់នេះ​អាច បង្ហាញឲ្យបងប្អូនឃើញ​ច្បាស់មិនពិបាកប្រាប់ថាគាត់កំពុងអង្គុយ គូររូបលាបពណ៌ឲ្យខ្ញុំ​ បងប្អូនក៍មិនបាច់ឆ្ងល់ដែរថាតើនរណាជាអ្នកបំផ្លាញខ្មែរ​ ? នរណាជាអ្នកសម្លាប់ខ្មែរ​ ? ហើយនរណាជាអ្នក​បំផ្លាញធនធានសិល្បៈខ្មែរ​ ? រាល់ពេលតែងស្រែកថាស្រលាញ់យុត្តិធម៌​ ការពារសិល្បៈខ្មែរ តែពេលគេមិនតាមចិត្តខ្លួនក៏ចោទថាជាខ្មាំង​ ជាជនក្បត់ជាតិ​ លក់ជាតិ​ លក់ក្បាល​ លក់ទាំងខ្លួន​ និងប្រើវិធីបំផ្លាញ​គ្រវែងចោលយ៉ាងព្រៃផ្សៃ ។ “​ បើខ្លួនយករបស់ហ្នឹងមិនបានទេ​ ក៍គ្មានអាណាយកបាន​ដែរ “​ នេះជាគោលការណ៍របស់គាត់​។ ក្នុងនាមខ្ញុំជាជនរងគ្រោះ​ ខ្ញុំសូមអំពាវនាវដល់បណ្តាមហាជនទាំងឡាយ​ សូមលោកមេត្តាពិចារណា លើគ្រប់ទង្វើរបស់ពួកគាត់នេះឲ្យមែនទែន​ មិនត្រូវជឿអ្វីដែលឃើញ​ ជឿអ្វីដែលត្រឹមតែឮ ហើយមកស្អប់ខ្ញុំដោយខ្វះការពិចារណាទេ​ ។ ខ្ញុំសូមបញ្ជាក់ជូនថា​ ពេជ្ជតា​ ជាតារាត្រូវការក្តីស្រឡាញ់ពីទស្សនិកជនណាស់ រឿងអីដែលខ្ញុំត្រូវជេរទស្សនិកជន ? Impossible ! ! មិនអាចទៅរួចទេ​ ! នាងខ្ញុំតែងគោរពទឹកចិត្តទស្សនិកជន​ មិនរើសអើងអ្នកមានអ្នកក្រ​ ពណ៌សម្បុរ​ ឬនិន្នាការអ្វីទាំងអស់​ ។ ខ្ញុំតែងបានធ្វើអំពើល្អគ្រប់គ្រាន់មិនបាច់ខ្ញុំបរិយាយ​ គឺមានមនុស្សជុំវិញខ្លួនខ្ញុំជាសាក្សី ហើយមួយជីវិតនេះខ្ញុំតែងលះបងការពារសិល្បៈវប្បធម៌ខ្មែរ​មិនដែលទុកចោល​ឡើយ ។ ប៉ុន្តែមូលហេតុដែលធ្វើអោយខ្ញុំតបឆ្លើយនោះ​ រឿងហេតុដំបូងវាកើត​ចេញពីការចូលមក​ Comment ជេរបញ្ចោរខ្ញុំដោយសម្តីបាតផ្សារមាក់ងាយអាក្រក់ហួសវិស័យពីមនុស្សពីរ​ បីនាក់ក្នុងពេលខ្ញុំកំពុង​ live ច្រៀងលេងតែខ្ញុំ​សោះ ។ បើជាលោកអ្នក​ ក៍គង់តែក្រេវក្រោធចៀសមិនផុត​ ។ ខ្ញុំធ្វើអ្វីសុទ្ធតែមានហេតុផល​ តែពួកឆ្លៀតឱកាសចង់បំបាក់ប្រជាប្រិយភាពខ្ញុំ​គេផ្តាច់ការណាស់​ គ្មានហេតុផលទេ​ ។​ សូមបញ្ជាក់ថាខ្ញុំមិនបានជេរអ្នកល្អទេ​ សូមកុំរើសដាក់ខ្លួន​ តែជាការតបឆ្លើយទៅមនុស្សអាក្រក់​ទាំងនោះប៉ុណ្ណោះ​ ដូច្នេះថ្ងៃនេះខ្ញុំសូមប្រកាសយ៉ាងច្បាស់ៗថា​ ពេជ្ជតាមិនសូមទោសចំពោះមនុស្សធុននេះជាដាច់ខាត​ ! មិនសូមទោស​ទេ​ ! កុំសង្ឃឹម​ ! ! ! ខ្ញុំសូមបញ្ចប់អត្ថបទមួយនេះសិន​ បើបងប្អូនចូល​ ខមិន​ សូមអញ្ជើញដោយ​សេចក្តីថ្លៃថ្នូរ​ បើមិនដូច្នេះទេ​ អ្នកដែលថោកទាបគឺជាអ្នកឯង ។ គោរពជូនពរលោកអ្នកទាំងឡាយដែលអាណិតស្រលាញ់នាងខ្ញុំសូមមានក្តីសុខ​សាន្តកុំបីមានរំខានពីខ្មាំងសត្រូវណាឡើយ​ ហើយក៍កាន់តែមានបានសម្បូរសប្បាយ​ជោគជ័យ​ ។ គោរព​ ស្រលាញ់ទស្សនិកជនដោយស្មោះ​ 💖 គួរពុំគួរសូមអធ្យាស្រ័យ​ផង​ “។

អត្ថបទដែលជាប់ទាក់ទង