ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បោះឆ្នោតឆ្នាំ២០១៨ ពោរពេញដោយសុខសុវត្ថិភាព ខុសពីឆ្នាំ២០១៣ បង្កើតភាពច្របូកច្របល់ និងការភិតភ័យ សម្រាប់ប្រជាពលរដ្ឋ

123


ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការបោះឆ្នោតឆ្នាំ២០១៨ និងឆ្នាំ២០១៣ខុសគ្នាឆ្ងាយណាស់។ ខុសគ្នាត្រង់ឆ្នាំ២០១៣ ពោរពេញដោយភាពច្របូកច្របល់ និងការភិតភ័យសម្រាប់ប្រជាពលរដ្ឋ ដែលខុសឆ្ងាយពីការបោះឆ្នោតឆ្នាំ២០១៨ មានសភាពស្ងប់ស្ងាត់ និងសុខសុវត្ថិភាពល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានសួរទៅកម្មករ កម្មការិនីថា ឈ្នះទេ ហើយកម្មករ កម្មការិនី ក៏បានឆ្លើយថា ឈ្នះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្បាស់ណាស់ថា សម្តេចបន្តគ្រប់គ្រងតំណែង ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦បន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មិនត្រឹមតែជាការជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ តែវាក៏ជាជោគជ័យលើយុទ្ធនាការ ដេកផ្ទះឈ្នះឯង របស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា យុទ្ធនាការ ដេកផ្ទះឈ្នះស្អាត របស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ គឺជាភាពល្ងង់ខ្លៅមួយ កុំថាឡើយទៅដឹកនាំជាតិ ដឹកនាំបក្សនយោបាយមួយក៏មិនជោគជ័យដែរ។ ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋរហូតដល់ ជាង៨២ភាគរយ គឺជាការបញ្ចេញសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនជាការបង្ខិតបង្ខំណាមួយនោះទេ។ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី កុំមានការរើសអើង រវាងអ្នកទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត ហើយបន្តខន្តី និងយោគយល់ឲ្យគ្នា។ សម្តេចតេជោ ស្នើឲ្យអ្នកមិនបានទៅបោះឆ្នោត កុំចោទថា អ្នកទៅបោះឆ្នោត ជាជនបរទេស។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានតម្លៃស្មើនឹងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍ និងឯករាជ្យភាពរបស់កម្ពុជា។

ក្នុងវេទិកាបើកកិច្ចសំណេះសំណាលជាថ្មីជាមួយកម្មករ ជាង ១ម៉ឺននាក់នៅតំបន់លូ៥ ក្នុងខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីទាំងអស់ ដែលបានចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ ក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោតទាំងទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ជាច្រើនរូបទៀត ដែលកំពុងជាប់ការហាមឃាត់មិនឲ្យធ្វើនយោបាយនោះ បានធ្វើយុទ្ធនាការ ដេកផ្ទះឈ្នះឯង ដោយអំពាវនាវប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត។ តែយុទ្ធនាការនេះមិនបានទទួលជោគជ័យនោះឡើយ ព្រោះនៅថ្ងៃបោះឆ្នោតប្រជាពលរដ្ឋច្រើនលើសលប់ បានចេញទៅបោះឆ្នោត ដោយមិនបានស្តាប់ការអំពាវនាវនេះឡើយ សូម្បីតែអ្នកធ្លាប់បោះឆ្នោតគាំទ្រអតីតគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា យុទ្ធនាការ ដេកផ្ទះឈ្នះស្អាត ត្រូវបានបរាជ័យរួចស្រេចទៅហើយ។ ប្រជាជនកម្ពុជានៅទូទាំងប្រទេសជាង ៨២ភាគរយ បានចេញទៅធ្វើការបោះឆ្នោតបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជារបស់យើង បានគាំទ្រនូវដំណើរ លទ្ធិប្រជាធិបតេយ្យរបស់ខ្លួនពេញលេញ។ ការធ្វើយុទ្ធនាការនេះ គឺជាគណនាលេខខុស ហើយក៏ជាភាពល្ងង់ខ្លៅ ផ្នែកនយោបាយរបស់អ្នកនយោបាយ ។ នេះជាអំពើល្ងង់មួយ ក្នុងចំណោមអំពើល្ងង់ ដែលគេមិនអាចនឹងក្លាយ ទៅមេដឹកនាំគណបក្សនយោបាយមួយ ដ៏ជោគជ័យមួយបានទេ។ បើសិនជាចរិតឫកពាបែបនេះ កុំថាឡើយដឹកនាំបក្សនយោបាយ ឈានទៅរកជោគជ័យ និងកាន់កាប់គ្រប់គ្រងប្រទេស សូម្បីតែគ្រប់គ្រងក្រុមហ៊ុនមួយ ក៏មិនអាចធ្វើទៅរួចដែរ រោងចក្រមួយក៏មិនអាចធ្វើទៅរួចដែរ។ ពួកគេគិតស្មានថា សន្លឹកឆ្នោតដែលប្រជាពលរដ្ឋធ្លាប់បោះឲ្យគេនោះ ជាកម្មសិទ្ធិផ្តាច់មុខរបស់គេ៕

អត្ថបទដែលជាប់ទាក់ទង