បុរសម្នាក់ស្រែកក្តែងៗលើ Tik Tuk ថាប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ត្រូវនគរបាលចាប់ខ្លួន
ត្បូងឃ្មុំ ៖ ករណីយុវជនបែកស្លុយម្នាក់ បាននិយាយយ៉ាងចំហរក្តែងៗថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរ ដោយឲ្យអ្នកដទៃបញ្ឈប់រាល់ការបង្ហោះទាក់ទងរូបភាពប្រាសាអង្គរវត្តទៀតទៅ ឈប់បានឈប់ទៅ ព្រោះមិនមែនជារបស់ខ្លួនឡើយ ត្រូវនគរបាលចាប់ខ្លួនហើយ។
យ៉ាងណាមិញ ក្រោយពីបានឃើញមហាជនផ្ទុះកំហឹងយ៉ាងពុះកញ្ជ្រោលកាន់តែខ្លាំងឡើងៗ យុវជនរូបនេះដែលត្រូវបានគេស្គាល់មានឈ្មោះថា ញ៉ែល ធារីណា បានប្រញាប់ប្រញាល់លើកដៃសំពះសុំទោសមហាជនជាសាធារណៈ នូវអ្វីដែលខ្លួនបាននិយាយខុសឆ្គងនិងមិនគួរគប្បីខាងលើនេះ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Ta Svet ។
ទោះយ៉ាងណា ការសុំទោសរបស់យុវជនរូបនេះ ពុំអាចរំសាយកំហឹងមហាជនបានឡើយ ពោលគឺហួសពេលហើយ ចំពោះទង្វើនិយាយផ្តេសផ្តាសនេះ ដែលគេចោទឡើងថា ព្រោះតែចង់ល្បី ចង់បានការ Like និង Share គ្មានការពិចារណា។
ពិតជាសមបំណងហើយ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ យុវជនខាងលើនេះ ត្រូវបានសមត្ថកិច្ចខេត្តត្បូងឃ្មុំ ធ្វើការឃាត់ខ្លួន ដើម្បីយកមកដុះក្អែលហើយ។
បើតាមលោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានឃាត់ខ្លួនឈ្មោះ ញ៉ែលធារីណា រួចហើយ។ ពេលនេះ សមត្ថកិច្ចកំពុងសាកសួរ ដើម្បីចាត់ការតាមនិតិវិធី៕