ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសចាប់ផ្ដើមអនុវត្ត យុទ្ធ​សាស្ត្រ​ ឆ្នាំ ២០៣០ ដើម្បីឆ្លើយតប​ចំពោះ​ការផ្លាស់ប្ដូរតម្រូវការនៅអាស៊ី និងប៉ាស៊ីហ្វិក

102

ក្រុមប្រឹក្សាភិបាល​ធនាគារអភិវឌ្ឍន៍​អាស៊ី (ហៅកាត់ថា ADB) បាន​អនុម័ត​លើយុទ្ធសាស្ត្ររយៈពេលវែង​ថ្មីរបស់ធនាគារនេះ ដែលមានឈ្មោះថា យុទ្ធសាស្ត្រ​ឆ្នាំ ២០៣០ ដោយបានដាក់ចេញ​នូវ​ចក្ខុវិស័យ​ទូលំទូលាយ និងការឆ្លើយតបជា​យុទ្ធសាស្ត្រ​របស់ស្ថាប័ននេះ ចំពោះ​ការវិវត្តនៃ​តម្រូវការ​របស់អាស៊ី និង​ប៉ាស៊ីហ្វិក។

លោក Takehiko Nakao ប្រធាន ADB មានប្រសាសន៍ថា “អាស៊ី និងប៉ាស៊ីហ្វិក បានសម្រេច​នូវ​វឌ្ឍនភាព​យ៉ាងធំធេង ក្នុងរយៈពេល​ពាក់កណ្ដាលសតវត្សរ៍​ចុងក្រោយនេះ លើការការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច​ ប៉ុន្តែ​ក៏នៅមានរបៀបវារៈអភិវឌ្ឍន៍ ដែលពុំទាន់​បាន​បញ្ចប់ទាំងស្រុងនៅឡើយផងដែរ។ ក្រោមក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ២០៣០ នេះ យើងនឹង​រួមបញ្ចូល​ធនធាន​ហិរញ្ញវត្ថុ​ ចំណេះដឹង និងភាព​ជាដៃគូ​ ដើម្បី​ធានា​និរន្តរភាព​នៃកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់យើង សំដៅលុបបំបាត់​ភាពក្រីក្រធ្ងន់ធ្ងរ​ និងពង្រីកចក្ខុវិស័យ​របស់យើង ដើម្បីឈានទៅ​បង្កើត​តំបន់​មួយ ប្រកបដោយវិបុលភាព​ បរិយាបន្ន ប្រកបដោយភាពធន់ និង​ចីរភាព។”

បំណង​ប្រាថ្នារ​បស់ ADB មានទិសដៅស្របគ្នា​ជាមួយនឹងការប្ដេជ្ញាចិត្ត​ជាសកលធំៗ ដូចជា គោលដៅអភិវឌ្ឍន៍​​ប្រកបដោយចីរភាព របៀបវារៈ​ហិរញ្ញប្បទានដើម្បី​អភិវឌ្ឍន៍ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ​ និងក្របខ័ណ្ឌសិនដៃ​ សម្រាប់កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។ ការ​សម្រេច​​ការប្ដេជ្ញាចិត្តទាំងនេះ ពឹង​អាស្រ័យយ៉ាងខ្លាំង​លើភាពជោគជ័យរបស់​តំបន់អាស៊ី និង​ប៉ាស៊ីហ្វិក ដោយសារតែ​ទំហំ​របស់តំបន់នេះ។

យុទ្ធសាស្ត្រ ២០៣០ ទទួលស្គាល់ថា របៀបវារៈអភិវឌ្ឍន៍សកល​ប្រកបដោយមហិច្ឆតា​បែបនេះ ត្រូវ​តម្រឹម​ឱ្យស្រប​តាម​កាលៈទេសៈជាក់លាក់តាមប្រទេស​នីមួយៗ។ ADB នឹងពង្រឹង​វិធីសាស្ត្រអនុវត្ត​ការងារ សម្រាប់ប្រទេស​​នីមួយៗ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងអនុវត្តអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ដែល​​បញ្ចូល​ជំនាញ​ឯកទេសពីតាមវិស័យ និងប្រធានបទផ្សេងៗជាមួយ​គ្នា តាមរយៈប្រតិបត្តិការ​វិស័យសាធារណៈ និង​វិស័យ​ឯកជនចម្រុះរួមគ្នា។

ADB នឹង​បន្តផ្តល់អាទិភាព​លើការគាំទ្រ​ដល់​ប្រទេ​សដែលក្រីក្រ និងងាយរងគ្រោះជាងគេ ក្នុងតំបន់នេះ។ ADB នឹង​ប្រើប្រាស់​អភិក្រម​ស្រប​តាមស្ថានភាព​របស់ប្រទេសនីមួយៗ ដើម្បីបំពេញ​ទៅតាមតម្រូវការ​ខុសៗ​គ្នារបស់ក្រុមប្រទេស​ផ្សេងៗគ្នា ដូចជា ប្រទេស​ដែលស្ថិត​នៅក្នុង​ស្ថានភាព​ផុយស្រួយ និង​រងផលប៉ះពាល់​ដោយ​សារ​ជម្លោះ រដ្ឋកំពុងអភិវឌ្ឍន៍ដែល​ស្ថិតនៅតាមដែន​កោះតូចៗ ប្រទេស​ចំណូលទាប​ និងប្រទេស​ចំណូលមធ្យមកម្រិត​ទាប និងប្រទេស​ចំណូលមធ្យមកម្រិត​ខ្ពស់។ នៅតាមក្រុមប្រទេសទាំងនេះ ADB ក៏នឹង​ដាក់អាទិភាព​លើ​ការ​គាំទ្រ​ដល់​តំបន់ ដែល​មានការអភិវឌ្ឍ​យឺតជាងគេ និង​ក្រុមដែលកំពុង​រស់នៅ​ក្នុងភាពក្រីក្រ និង​ភាព​ផុយស្រួយ​ផងដែរ។

ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ​ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ប្រកប​ដោយនិរន្តរភាព ​បរិយាបន្ន និង​ភាព​ធន់ នៅ​បន្តជាអាទិភាពដ៏សំខាន់​មួយ។ ទន្ទឹមគ្នានេះ ADB នឹងពង្រីក​ប្រតិបត្តិការ ​ក្នុងវិស័យ​សង្គម ដូចជា អប់រំ សុខាភិបាល និងកិច្ចគាំពារ​សង្គមផងដែរ។

ការ​គាំទ្រ​របស់ ADB នឹង​ផ្ដោតលើ​អាទិភាព​ប្រតិបត្តិការ​ចំនួនប្រាំពីរ៖ (i) ការឆ្លើយតបចំពោះ​ភាពក្រីក្រ ដែល​នៅសេសសល់ និងការកាត់បន្ថយ​វិសមភាព (ii) ការពន្លឿន​វឌ្ឍនភាព​ ដើម្បីឈានទៅសម្រេច​សមភាពយេនឌ័រ​ (iii) ការឆ្លើយតប​ចំពោះការ​ប្រែប្រួល​អាកាសធាតុ ការកសាងភាពធន់ទៅនឹង​អាកាសធាតុ និងគ្រោះមហន្តរាយ និង​​ការលើកកម្ពស់​និរន្តរភាព​បរិស្ថាន​ (iv) ការធ្វើឱ្យទីក្រុង​កាន់តែជាកន្លែង​ដែលអាចរស់នៅបានល្អ (v) ការលើកកម្ពស់​​ការអភិវឌ្ឍជនបទ និងសន្តិសុខស្បៀង (vi) ការពង្រឹង​អភិបាលកិច្ច និង​សមត្ថភាព​ស្ថាប័ន និង (vii) ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ និងសមាហរណកម្មតំបន់។

យ៉ាងហោចណាស់ ៧៥% នៃ​ប្រតិបត្តិការ ដែល ADB បាន​សន្យាថានឹង​អនុវត្ត (គិត​ជាមធ្យម ៣ ឆ្នាំរំកិល រាប់បញ្ចូលប្រតិបត្តិការ​រដ្ឋផង និង​មិនមែនរដ្ឋផង) និង​ផ្ដោតលើការលើកម្ពស់សមភាព​យេនឌ័រ ត្រឹមឆ្នាំ ២០៣០។ ADB នឹងធានា​យ៉ាងណាឱ្យប្រតិបត្តិការ ៧៥% នៃចំនួនប្រតិបត្តិការ​ដែលខ្លួនបានសន្យានឹង​អនុវត្ត (ជា​មធ្យម ៣ ឆ្នាំរំកិល រាប់​បញ្ចូល​ប្រតិបត្តិការរដ្ឋផង និងមិនមែន​រដ្ឋផង) និងគាំទ្រ​ដល់​ការសម្រាល និងការ​បន្សាំទៅនឹង​ការប្រែប្រួលអាកាសធាតុ ត្រឹមឆ្នាំ ២០៣០។ ហិរញ្ញប្បទាន​អាកាសធាតុពីប្រភពធនធាន​ផ្ទាល់របស់ ADB នឹងមានចំនួនរហូត​ដល់​ ៨០ ប៊ី​លានដុល្លារ សម្រាប់​​រយៈពេលពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០៣០។      ក្របខ័ណ្ឌលទ្ធផលថ្មីរបស់ ​ស្ថាប័ននេះ ដែលរំពឹងថានឹង​ត្រូវ​រៀបចំរួចរាល់​នៅ​ពាក់កណ្ដាលឆ្នាំ ២០១៩ នឹងបញ្ចូល​ចំណុច​ដៅ​បន្ថែមទៀតសម្រាប់​ប្រតិបត្តិជាអាទិភាព​​ផ្សេងៗទៀតរបស់ ADB។

ដើម្បីគាំទ្រដល់អាទិភាព​ប្រតិបត្តិការ​ទាំង​ប្រាំពីរ ក្រោមយុទ្ធសាស្ត្រ​ ២០៣០ នេះ ADB នឹង​ពង្រីក ក៏ដូចជា ធ្វើពិពិធកម្ម​ប្រតិបត្តិការ​វិស័យឯកជនរបស់ខ្លួន ដើម្បីឱ្យចំនួនប្រតិបត្តិការ​នេះ កើនឡើងរហូតដល់មួយភាគបីនៃ​ចំនួន​ប្រតិបត្តិការសរុប​ត្រឹមឆ្នាំ ២០២៤។ លោក Nakao បានមានប្រសាសន៍ថា “យើងនឹង​ពង្រីក​ប្រតិបត្តិការ
​វិស័យ​ឯកជនរបស់​យើង នៅក្នុងទីផ្សារ​ថ្មីៗ ដូចជា ​ក្នុងប្រទេស​ដែលមានស្ថានភាព​ផុយស្រួយ និង​រងផលប៉ះពាល់​ដោយសារជម្លោះ និង​រដ្ឋ​កំពុងអភិវឌ្ឍន៍ ដែលស្ថិត​នៅដែនកោះតូចៗជាដើម។ យើងក៏នឹង​គាំទ្រ​ដល់ភាព​ជាដៃគូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជនបន្ថែមទៀតផងដែរ។”

ប្រតិបត្តិការវិស័យ​ឯកជនរបស់​ ADB ​នឹងជួយ​លើកកម្ពស់ស្ដង់ដាបរិស្ថាន សង្គម និងអភិបាល​កិច្ច ផ្ដល់​ហិរញ្ញប្បទានដែល​ពុំអាច​រកបាន​ពីទីផ្សារទូទៅក្នុង​លក្ខខណ្ឌ​សមរម្យ កែលម្អការ​រៀបចំគម្រោង និងលទ្ធផលនៃការអភិវឌ្ឍ និងកាត់បន្ថយហានិភ័យដែល​គេយល់ឃើញថាអាចកើតឡើង។ បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធ​ដែលមានលក្ខណៈនវានុវត្តន៍ថ្មី​ ប្រតិបត្តិការទាំងនេះនឹង​បង្កើនការគាំទ្រ​ដល់​សហគ្រាស​កសិកម្ម និង​គាំទ្រ​ដល់​វិស័យសង្គម ដូចជា        វិស័យសុខាភិបាល និងវិស័យអប់រំ តាម​រយៈការចូលរួមវិនិយោគជាមួយនឹងវិស័យ​ឯកជន។

ADB នឹង​បន្ត​បំពេញតួនាទីជា​អ្នកផ្ដល់ហិរញ្ញប្បទាន ដែលអាចជឿទុកចិត្ត​បាន និងជា​អ្នក​កៀរគរ​ហិរញ្ញប្ប-​ទាន​បន្ថែមទៀត។ លោក Nakao បានមានប្រសាសន៍បន្ថែមទៀតថា “រង្វាស់ដ៏សំខាន់មួយនៃជោគជ័យរបស់យើង គឺបរិមាណ និង​គុណភាព​នៃធនធាន​ ដែលយើងកៀរគរ​បន្ថែមពីលើហិរញ្ញប្បទាន​ផ្ទាល់ខ្លួនរបស់យើង”។ ADB ផ្ដោតការយកចិត្តទុកដាក់លើការ​បង្កើនសហហិរញ្ញប្បទាន​ឱ្យបានច្រើន ក្នុង​រយៈពេលវែងត្រឹមឆ្នាំ ២០៣០ ដោយ​​រាល់​ការ​ផ្ដល់ហិរញ្ញប្បទាន ១ ដុល្លារ សម្រាប់​ប្រតិបត្តិការ​វិស័យ​ឯក​ជន ត្រូវ​មានការ​បំពេញបន្ថែម​ពី​សហហរិញ្ញ​ប្ប​ទាន​រយៈពេលវែង ២,៥ ដុល្លារ។

ស្ថាប័ននេះក៏នឹង​សហការយ៉ាងជិតស្និទ្ធជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍ជា​សមាជិករបស់ខ្លួន ដើម្បី​ផលិត​នូវ​ផលិតផល​ និងសេវា​កម្មចំណេះដឹង ដែលមានភាព​ពាក់ព័ន្ធ​បំផុត។ ស្ថាប័ននេះក៏នឹង​ផ្ដួចផ្ដើម​គំនិតចូលរួម​ក្នុងការ​សិក្សាស្រាវជ្រាវ​ ផ្ដល់ដំបូន្មានគោលនយោបាយ ដែលមានគុណភាពខ្ពស់ ពង្រឹង​សមត្ថភាព​ស្ថាប័នរបស់ប្រទេស និងពង្រីក​ភាព​ជាដៃគូ​ផ្នែកចំណេះដឹង​ផងដែរ។

ខណៈពេលដែលស្ថាប័ននេះ​ខិតខំ​ពង្រឹង​ខ្លួនឱ្យកាន់តែល្អ​ប្រសើរ និងធ្វើការ​ងារ​កាន់តែលឿនជាងមុន ADB ក៏នឹង​ខិតខំធ្វើ​ទំនើបកម្ម​ដំណើរការធុរកិច្ចរបស់​ខ្លួនឱ្យកាន់តែឆាប់រហ័សបន្ថែមទៀត តាមរយៈការ​ទាញប្រយោជន៍​ពី​បច្ចេកវិទ្យាដែលមាន។ ADB នឹង​ពង្រីក​ផលិតផល និង​ឧបករណ៍របស់​ខ្លួន ពង្រឹង​ធនធានមនុស្ស ព្រមទាំង​ពន្លឿន​ការផ្លាស់ប្ដូរទៅរក​ដំណើរការឌីជីថល។ ADB ក៏ប្ដេជ្ញាធ្វើពិពិធកម្ម​ទៅលើកម្លាំងពលកម្ម ដូចជា លើកកម្ពស់​តុល្យភាព​យេនឌ័រ និង​បង្កើតនូវ​បរិយាកាស​ការងារ​ ដែលមានការគោរពគ្នាទៅវិញទៅមកសម្រាប់ទាំងអស់គ្នាផងដែរ។ ADB នឹង​បង្កើត​នូវអភិក្រម​ “ADB តែមួយ (One ADB)” ដោយប្រមូលផ្ដុំ​ចំណេះដឹង និងជំនាញ​ពី​គ្រប់ផ្នែកទាំងអស់​​នៃ​ស្ថាប័ននេះ។ ADB នឹង​សហការជាមួយ​អង្គការ​សង្គមស៊ីវិល​ក្នុងការរៀបចំ​អនុវត្ត និងពិនិត្យតាមដាន​គម្រោងនានា។

ក្នុងការៀបចំ​យុទ្ធសាស្ត្រ​ ២០៣០ មានការរៀបចំកិច្ចពិគ្រោះយោបល់យ៉ាងច្រើន​​ជា​មួយ​ក្រុម​តំណាង​អ្នកពាក់ព័ន្ធ​ ដែលជា​សមាជិករបស់ ADB ដូចជា រដ្ឋាភិបាល អភិបាលរបស់ ADB អ្នកជំនាញល្បីៗខាងការអភិវឌ្ឍ​និង​អង្គការសង្គមស៊ីវិល។

ADB ប្ដេជ្ញាចិត្ត​ដើម្បីបង្កើតនូវ​តំបន់អាស៊ី និង​ប៉ាស៊ីហ្វិកប្រកបដោយវិបុលភាព បរិយាបន្ន ភាពធន់ និង​និរន្តរភាព ហើយ​ក្នុងពេលជាមួយគ្នានេះ​ ក៏ខិតខំបន្ត​ធានា​និរន្តរភាព​កិច្ចខិតខំប្រឹង​ប្រែង​របស់ខ្លួន​ក្នុងការលុបបំបាត់​ភាពក្រីក្រធ្ងន់ធ្ងរផងដែរ​។ បង្កើតឡើង​ក្នុងឆ្នាំ ១៩៦៦ ធនាគារនេះ ជាកម្មសិទ្ធិរបស់ប្រទេសចំនួន ៦៧ ដែល​ក្នុងនោះ​ ៤៨ មកពីតំបន់។ ក្នុងឆ្នាំ ២០១៧ ប្រតិបត្តិការរបស់​ ADB មាន​ទឹក​ប្រាក់សរុប ៣២,២ ប៊ីលានដុល្លារ​ ក្នុងនោះ ១១,៩ ប៊ីលានដុល្លារ ជា​សហហិរញ្ញប្បទាន៕

អត្ថបទដែលជាប់ទាក់ទង