បង្ក្រាបផលិតផលក្លែងក្លាយទូទៅ និងឱសថខុសច្បាប់ សរុបចំនួនប្រមាណជាង ៥០០តោន
ភ្នំពេញ ៖ នារសៀលថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០ ទីស្តីក្រសួងមហាផ្ទៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានរៀបចំសន្និសន្និសីទសារព័ត៌មាន ស្តីពីប្រតិបត្តិការ ចុះបង្ក្រាប និងរឹបអូសផលិតផលក្លែងក្លាយទូទៅ និងឱសថខុសច្បាប់សរុបចំនួនប្រមាណជាង ៥០០តោន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក។
ក្នុងការចុះប្រតិបត្តិការរយៈពេល៣ខែចុងក្រោយនេះ គ.ប.ផ.ក បានបង្ក្រាប និងរឹបអូសឱសថអន់គុណភាព ផុតសុពលភាព និងខុសច្បាប់ និងផលិតផលក្លែងក្លាយ-ខុសច្បាប់ទូទៅ សរុបចំនួន ជាង៥០០តោន ៖
១. ផលិតផលស៊ីហ្សា( SISSHA) និងបារី អេទ្បិចត្រូនិច(E-Cigarette) ដែលមានទីតាំង រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ សរុប៖ បារីអេឡេត្រូនិច (E-Cigarette) ៤៥៦ គ្រឿង និងផលិតផលស៊ីហ្សា (SISHA) ២១៩២ ដប
២. ទឹកក្រូច និងទឹកផ្លែឈើ ជាផលិតផលខុសច្បាប់ និងហួសសុពលភាព ចំនួន៥៣៣តោន។
៣. ឱសថអន់គុណភាព ហួសកាលបរិច្ឆេទ និងខុសច្បាប់ ចំនួន ២៣មុខ ស្នើនឹង ១,៥តោន។
៤. ផលិតផលភេសជ្ជៈប៉ូវកម្លាំង (Energy Drink) ជាផលិតផលដែលបានកែច្នៃ និងបន្លំថ្ងៃខែឆ្នាំផលិតនិងការប្រើប្រាស់នៅសម្បកកំប៉ុងប្រមាណជាង ១២តោន ហើយបានលក់ចែកចាយអស់ប្រមាណជិត៣០០០កេសរួចទៅហើយ និងសម្ភារមួយចំនួនដូចជា ម៉ាស៊ីនផ្លុំស្ទីកគ័រ ផ្លាស្ទីកសម្រាប់អ៊ុតកេស និងម៉ាស៊ីនកែបរិច្ឆេត
៥. ស្រាចិនម៉ាក ម៉ៅតាយ (MOUTAI) ចំណុះ៥០០ml ចំនួន៧១ដប
៦. ផលិតផលវេជ្ជសាស្ត្រ សារធាតុសម្លាប់មេរោគ ទឹកអប់ និងផលិតផលចម្រុះជាច្រើនតោនទៀត។
ក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានលើកទ្បើងថាប្រសិនបើផលិតផលលក្លែងក្លាយទាំងអស់នេះធ្លាក់ក្នុងដៃប្រជាពលរដ្ឋ យកទៅប្រើប្រាស់ នឹងមានផលប៉ះពាល់ដល់សុខភាព និងមាន
ភាពងាយរងគ្រោះ ហើយឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា គ.ប.ផ.ក បានអនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើការងារបង្ក្រាបពាក់ព័ន្ធឧបករណ៍សម្ភារ និងសារធាតុសម្លាប់មេរោគសម្រាប់ប្រឆាំងកូវីដ-១៩ ដែលក្លែងក្លាយ អន់គុណភាព គ្មានស្តង់ដារ និងខុសច្បាប់ បានរឹបអូសសរុបចំនួនជាង ១០តោន និង ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថាផលិតផលជាង ៥០០តោន នេះ នឹងធ្វើពិធីកម្ទេចនាពេលខាងមុខ ។
គួររំលឹកផងដែរ គ.ប.ផ.ក. បានរៀបចំធ្វើពិធីកម្ទេចផលិតផលក្លែងក្លាយ-ខុសច្បាប់ និងឱសថអន់គុណភាព-ខុសច្បាប់សរុបចំនួន ៨លើក ស្មើនឹងចំនួនជិត ៥០០តោន ( ឱសថ១៣តោន ) ៕