រមណីយដ្ឋានថ្មី ប្រាសាទបាគងភូមិខ្ញុំតែកំពុងទទួល បានការគាំទ្រ ពីភ្ញៀវទេសចរណ៏ជាតិ អន្ដរជាតិ យ៉ាងច្រើន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សៀមរាប៖ ក្រៅពីប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ សហគមន៍ទេស ចរណ៍ មានសក្តានុពលដ៍សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប ។
សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលស្ថិតនៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បន្ទាប់ពីបាន ប្រកាសដំណើរការជាសាធារណៈ ប្រមាណជា២សប្តាហ៍កន្លងមកនេះ ឃើញថា បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក ដោយក្នុង១ថ្ងៃៗមាន ភ្ញៀវចូលទៅកម្សាន្ត និងទទួលសេវាបម្រើម្ហូប អាហារនៅទីនោះប្រហែលពី២០០ ទៅ ៣០០នាក់។
លោក សូត្រ សួ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បានឱ្យដឹងនៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២០នេះថា៖ សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ បង្កើតឡើងដើម្បីផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋជាសមាជិកសហគមន៍ និងប្រជាពលរដ្ឋនៅតំបន់ជុំវិញ។ បច្ចុប្បន្ននេះ នៅក្នុងសហគមន៍មានប្រជា ពលរដ្ឋទាំងយុវវ័យ និងវ័យកណ្តាលជាង៤០ នាក់ ដែលកំពុងបំពេញការងារបម្រើសេវាកម្ម និងកំពុងទទួលបានការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចជាបណ្តើរៗផងដែរ។
លោកបន្តថា ក្រៅពីបុគ្គលិកបម្រើការងារ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដែលមានបន្លែធម្មជាតិ នំនែក ដែលធ្វើដោយពួកគាត់ផ្ទាល់ ក៍ត្រូវបានអនុញ្ញាតឱ្យយកមកលក់នៅតំបន់កម្សាន្តរបស់សហគមន៍នេះផងដែរ។ អ្វីៗទាំងអស់នោះ ក៏មិនអាចកាត់ផ្តាច់បាននោះ ទេ អំពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរជាតិអប្សរា ជាពិសេសនោះគឺការយកចិត្តទុកដាក់ជំរុញ និងផ្តល់ការបណ្តុះ បណ្តាលពីស្ថាប័នជំនាញទេសចរណ៍។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បាន បង្ហាញអំពីការចូលរួមគាំទ្រ និងអបអរសាទរចំពោះការចាប់ផ្តើមធ្វើដំណើររបស់សហគមន៍។ លោកថា អ្វីដែលសហគមន៍កំពុងបង្ហាញផ្លែផ្កាក្នុងរដូវកាលដំបូង របស់ខ្លួន ច្បាស់ណាស់ថា ទី១ សហគមន៍បានបង្កើតការងារធ្វើ និងទី២ គឺការបង្កើតមុខរបរ។ ជាទូទៅ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូល នឹងត្រូវទទួលបាន ផលប្រយោជន៍ពីការកកើតឡើងនៃ សហគមន៍ មួយនេះ ដោយការខិតខំបង្កបង្កើនផល ដាំបន្លែធម្មជាតិ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ភ្ញៀវ និងតាមរយៈសេវាកម្មកម្សាន្តជាច្រើនប្រភេទទៀត។
ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅក្នុងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំនេះ បានបង្ហាញពីអារម្មណ៍ប្រហាក់ប្រហែលគ្នាថា តំបន់សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ ជាតំបន់កម្សាន្តមួយដ៍ល្អសម្រាប់ជាលក្ខណៈគ្រួសារ និងមកជាក្រុម ដោយ សារកន្លែងនេះ មានភាពស្ងប់ស្ងាត់ល្អ ទេសភាព បៃតងស្រសបំ ព្រង ខ្យល់បរិសុទ្ធ ជាពិសេសនោះមានកន្លែងជិះទូកលេងសប្បាយ រួមជាមួយកន្លែងកម្សាន្តជាច្រើនទៀត ដូចជាការបោះតង់ ស្ទូចត្រីជាដើម ដែល សក្តានុពលទាំងនេះ បាននិងកំពុងតែទាក់ទាញ់ភ្ញៀវទេសចរមកសម្រាកលំហែកាយ និងទទួល ទានអាហារនៅទីនោះច្រើនឡើងៗ៕ សំរិត