សមត្ថកិច្ចកំពុងស្វែងរកម្ចាស់រថយន្ត Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-1213 ដែលពលរដ្ឋបង្ហោះលើ Facebook ដកកាំភ្លើងគំរាមបាញ់សម្លាប់តាមដងផ្លូវ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បាន ឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ចជំនាញរបស់លោកកំពុងតែតាមស្រាវជ្រាវស្វែងរកម្ចាស់រថយន្ត Lexus ពាក់ស្លាកលេខភ្នំពេញ 2AQ-1213 ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋបង្ហោះលើបណ្តាញ Facebook ថា ម្ចាស់រថយន្តនេះបានដកកាំភ្លើងគំរាមបាញ់សម្លាប់គេនៅតាមដងផ្លូវ ក្នុងក្រុងសែនមនោរម្យ។
ដោយឡែកលោក កាន់ ពេញ អធិការនគរបាលស្រុកសែនមនោរម្យ បានឱ្យដឹងថា នៅពេលនេះសមត្ថកិច្ច កំពុងតែធ្វើការទំនាក់ទំនងទៅម្ចាស់គណនី Facebook ឈ្មោះ (Phalla Piseth) ដែលបានបង្ហោះសារខាងលើនេះ ដើម្បីសួរនាំឱ្យដឹងពីសាច់រឿង ឱ្យច្បាស់លាស់ចំពោះករណីរឿងនេះផងដែរ។
បើយោងតាមម្ចាស់គណនី Facebook ឈ្មោះ Phalla Piseth បានបង្ហោះសារនៅថ្ងៃទី១៦ ខែកញ្ញានេះ យ៉ាងដូច្នេះថា៖ «សូមមន្ត្រីសមត្ថកិច្ចខេត្តមណ្ឌលគិរី តាមស្ទាក់ឃាត់ រថយន្តនេះផង ដែលបានប្រើប្រាស់អាវុធខុសច្បាប់គំរាមបាញ់សម្លាប់ប្រពន្ធខ្ញុំ ដែលកំពុងមានផ្ទៃពោះ សូមមេត្តាមន្ត្រីសាធារណការជួយស្រាវជ្រាវស្លាកលេខនេះផង តើបុគ្គលនេះជាអ្នកណា ដែលដែលមានសិទ្ធិប្រើប្រាស់អាវុធមកគំរាមប្រជាជនស្លូតត្រង់បែបនេះ? ប្រទេសមានច្បាប់មិនមែនមានអំណាច់មានលុយធ្វើអ្វីបានតាមចិត្តនោះទេ សូមជួយសែរ share ដើម្បីរកមុខជនទំនើងនេះមកដោះស្រាយមុខច្បាប់ផង ស្លាក់លេខរថយន្ត (ភ្នំពេញ 2AQ 1213)»។
ជាមួយគ្នានេះដែរ បើយោងតាមរូបភាពដែលម្ចាស់គណនី Facebook ឈ្មោះ Phalla Piseth ក៏បានបង្ហាញរូបភាពបុរសម្នាក់បើករថយន្ត Lexus ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 2AQ-1213 ដែលបានពាក់ម៉ាស់ជិត និងដកកាំភ្លើងខ្លី ភ្ជង់មករកគាត់ ក្នុងន័យគំរាមសម្លាប់ផងដែរ៕