ព្យុះទី ១១ ឈ្មោះ នូល (NOUL)នឹងធ្វើឲ្យ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង
ភ្នំពេញ៖ សូមជម្រាបជូនដំណឹងដល់បងប្អូនសាធារណជន ម្ចាស់អាជីវកម្មកាណូតទេសចរណ៍ ប្រជានេសាទ និងស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពរបស់ព្យុះទី ១១ ឈ្មោះ នូល (NOUL)។ ក្នុងនោះតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ អាស្រ័យដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមផ្អាកការចេញដំណើរជាបណ្តោះអាសន្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនស្តីពី ស្ថានភាពរបស់ព្យុះទី ១១ ឈ្មោះ នួល (NOUL)។បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក ឃើញថា សម្ពាធទាបសកម្មមួយ ដែលបានកើតឡើងនៅលើសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ បានវិវត្តខ្លួនយ៉ាងឆាប់រហ័សទៅជា វិសម្ពាធទាប (Tropical Depression) ហើយបាន បង្កើនឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ទៅជា ព្យុះទី ១១ ឈ្មោះ ទូល (NOUL) ពេលដែលឆ្លងកាត់ ប្រទេសហ្វីលីពីន នៅវេលាម៉ោង ១ ព្រឹក ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ ។ យោងតាមការព្យាករ ព្យុះនេះ នឹងធ្វើដំណើរចូលទៅដល់ឆ្នេរដាណាងនៃប្រទេសវៀតណាម ភាគកណ្តាល នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ ហើយបន្តដំណើរចូលតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គក្នុងប្រទេសឡាវ និងថៃ ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ។ ២- បណ្តាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើន រួមជាមួយខ្យល់បង្ហូរ អាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) 1
៣- តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹង ជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ – ស្ថានភាពនៃ ទឹកទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិច ជាបន្តបន្ទាប់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀស វាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕