ការផ្អាកលេងទឹកសមុទ្រ ក្នុងស្ថានភាពភ្លៀង ខ្យល់ ដោយសារឥទ្ធិពលព្យុះ ទី១១ ឈ្មោះ នូល
ព្រះសីហនុ៖អាជ្ញាធរខេត្ត ព្រះសីហនុបានចេញ សេចក្ដីអំពាវនាវ ស្ដីពី ការផ្អាកលេងទឹកសមុទ្រ ក្នុងស្ថានភាពភ្លៀង ខ្យល់ ដោយសារឥទ្ធិពលព្យុះ ទី១១ ឈ្មោះ នូល។
សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ផ្អាកការលេងទឹកសមុទ្រ ដើម្បីធានាបាននូវសុខសុវត្ថិភាព ការពារអាយុជីវិតរបស់បងប្អូន ពីគ្រោះថ្នាក់ណាមួយជាយថាហេតុ ដែលបង្កឡើងពីឥទ្ធិពលព្យុះទី១១នេះ ។
ក្នុងកំឡុងពេលនេះសូមអាជ្ញាធរមានសមត្ថិច្ចពាក់ព័ន្ធគ្រប់ផ្នែក ត្រៀមកម្លាំងជាប់ជានិច្ច និងណែនាំ ជូនដំណឹងដល់បងប្អូន ដើម្បីទប់ស្កាត់ការលេងទឹកសមុទ្រ ដែលងាយមានគ្រោះថ្នាក់ និងអាចប៉ះពាល់ដល់អាយុជីវិត ដោយសារគ្រោះធម្មជាតិមួយនេះ ។
ក្នុងដំណាក់កាលមួយនេះ គឺសូមរក្សា និងការពារខ្លួននៅទីតាំងដែលមានសុវត្ថិភាព និងរាយការណ៍ភ្លាមៗមកកាន់អាជ្ញាធរ ដើម្បីមានវិធានការណ៍ជួយបងប្អូន ។
ទូកនេសាទមួយគ្រឿងដែលបោះយុថ្កាចតក្បែរច្រាំងសមុទ្រ ក្នុងភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានលិច នារសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ ដោយសារខ្យល់កន្ត្រាក់ ។ សមត្ថកិច្ចឲ្យដឹងថា ទូកនេសាទមួយគ្រឿង នេះ ទំហំ ទទឹង៣ម៉ែត្រ និងបណ្តោយ១៣ម៉ែត្រ ម្ចាស់ទូកឈ្មោះ ហៃ ហឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនេសាទ បានដាច់ខ្សែយុថ្កាអណ្ដែតបោកប៉ះថ្ម ទើប បណ្តាលឲ្យលិច ប៉ុន្តែមិនមានមនុស្សរងគ្រោះទេ ដោយខូចខាតបាត់បង់សម្ភារៈលើទូកទាំងស្រុងរួមមាន ៖
១/ វិទ្យុទាក់ទង ០១គ្រឿង
២/ ដាវកំណត់គោលដៅ ០១គ្រឿង
៣/ អាគុយ១២០អំពែរ ០២គ្រឿង
៤/ ប្រេងម៉ាស៊ូត ៦០០លីត្រ ៕