សហរដ្ឋអាមេរិច បានបញ្ជាឱ្យបិទកម្មវិធី TikTok និង WeChat ចាប់ផ្តើមពីថ្ងៃអាទិត្យនេះ
ភ្នំពេញ៖ នាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក (DoC) បានប្រកាសថា ចាប់ពីថ្ងៃទី២០ ខែកញ្ញា នេះទៅ កម្មវិធី TikTok និង WeChat នឹងត្រូវបានបិទលែងឱ្យមានការទាញយកបាន ទាំងក្នុងប្រព័ន្ធប្រតិបត្តិការ Apple និង Android។ នេះមានន័យថាកម្មវិធីទាំងពីរនេះនឹងត្រូវបានដកចេញពី App Store និង Play Store របស់ប្រព័ន្ធប្រតិបត្តិការធំៗទាំងពីរនេះ ហើយបទបញ្ជានេះក៏បានហាមឃាត់លែងឱ្យមានការផ្ញើលុយជាមួយនឹងកម្មវិធី WeChat ផងដែរ។ នេះបើតាមការផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ការបិទកម្មវិធីទាំងពីរនេះគឺក្រោយពីលោក ប្រធានាធិបតី ដូណា ត្រាំ (Donald Trump) បានប្រកាសកាលពីខែសីហាថា លោកនឹងបិទកម្មវិធីនេះ ប្រសិនបើកម្មវិធី TikTok មិនត្រូវបានលក់ទៅឱ្យក្រុមហ៊ុនណាមួយរបស់សហរដ្ឋអាមេរិកទេនោះ ដោយលោកបានចោទប្រកាន់ថា កម្មវិធីនេះអាចប្រមូលទិន្នន័យរបស់ប្រជាពលរដ្ឋខ្លួនឱ្យទៅប្រទេសចិន ដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពសង្គម កិច្ចការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
នាយកដ្ឋានពាណិជ្ជកម្មនេះ ក៏បានឱ្យដឹងផងដែរថា ការបិទឈប់ឱ្យមានការទាញយកនៅថ្ងៃទី២០ នេះគឺជាជំហានទីមួយប៉ុណ្ណោះ ហើយប្រជាជនអាមេរិកនៅតែអាចប្រើកម្មវិធីទាំងពីរបាន ប៉ុន្តែពួកគេមិនអាចទាញយកបានជាថ្មី ឬក៏អាចធ្វើបច្ចុប្បន្នភាពជាមួយនឹងកម្មវិធីទាំងនេះបានទៀតឡើយ។ នៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ នាយកដ្ឋាននឹងដាក់ចេញនូវបទបញ្ជាថ្មី ដែលអាចនាំឱ្យមានការហាមឃាត់ឈប់ឱ្យប្រើប្រាស់កម្មវិធី TikTok ទាំងស្រុងទៀតផង ប្រសិនបើក្រុមហ៊ុនពុំមានដំណោះស្រាយ ទាក់ទងនឹងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីសន្តិសុខជាតិនោះទេ៕ ដោយ៖កូឡាប