លោក ដូណាល់ ត្រាំ៖ TikTok អាចបន្តប្រតិបត្តិការទៀតបាន ក្រោយពេលមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Oracle និង Walmart
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា លោកបានគាំទ្រកិច្ចព្រមព្រៀងជាគោលការណ៍ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន TikTok បន្តប្រតិបត្តិការនៅសហរដ្ឋអាមេរិក ទោះបីជាវាហាក់ដូចជាមានការប្រឆាំងនឹងបទបញ្ជាមុនរបស់លោក ក្នុងប្រឆាំង ក្រុមហ៊ុនចិន ByteDance។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលនេះ កម្មវិធី TikTok អាចទាញយកវិញបាន នៅ សហរដ្ឋអាមេរិក និងអាចដំណើរការបានធម្មតា ខណៈដែលកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានចេញសេចក្ដីប្រកាសបិទរាល់ការទាញ យកកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ចាប់ពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ដោយសារតែព្រួយបារម្ភពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជនជាតិអាមេរិកប្រមាណ ១០០លាននាក់ ត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាលគណបក្សកុម្មុយនីស្ដចិន។
យោងតាមសម្ដីរបស់លោកត្រាំ បានឱ្យដឹងថា ក្រុមហ៊ុន TikTok នឹងមានឈ្មោះថា «TikTok Global» ដែលមានការិយាល័យកណ្ដាលនៅសហរដ្ឋអាមេរិក ដោយ ក្នុងនោះ ក្រុមហ៊ុន Oracle Corp កាន់កាប់ចំណែកភាគហ៊ុនចំនួន ១២.៥ភាគរយ និងជាអ្នកកាន់កាប់ទិន្នន័យរបស់អ្នកប្រើប្រាស់ ១០០លាននាក់នៅអាមេរិក រីឯ ក្រុមហ៊ុនលក់ទំនិញលក់រាយយក្សរបស់អាមេរិក Walmart Inc វិញ កាន់កាប់ចំណែកភាគហ៊ុនចំនួន ៧.៥ភាគរយ នៅសល់ប៉ុន្មានជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance ។
គេមិនបានដឹងថា ក្រុមហ៊ុនអាមេរិកទាំងពីរ racle Corp និង Walmart Inc បានចំណាយលុយប៉ុន្មានក្នុងការទិញយកអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក នោះ ទេ ប៉ុន្តែបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg News បានឱ្យដឹងថា TikTok បានទទួលលុយប្រមាណ ៦០ពាន់លានដុល្លារអាមេរិក ពីការទិញ លក់ មួយនេះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន ByteDance បានយល់ព្រមបង្កើតឱកាសការងារថ្មីសម្រាប់ពលរដ្ឋអាមេរិកចំនួន ២៥០០០ នាក់ ខណៈដែលបច្ចុប្បន្នមាន ១០០០នាក់៕