សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួនពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានតាមប្រព័ន្ធវីដេអូ។
ខាងក្រោមនេះគឺជាចំណុចសំខាន់ៗក្នុងជំនួបរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានតាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០នេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជាកិច្ចចាប់ផ្តើម, ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អាឡិចសាន់ដឺ ហ្វលម៉េន (Alexander Feldman) ប្រធាន និង ជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ព្រមទាំងសមាជិក គណៈប្រតិភូទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូ ។
ទោះជាមិនអាចរៀបចំជំនួបដោយផ្ទាល់នៅប្រទេសកម្ពុជាក្ដី , តែខ្ញុំជឿថា យើងនឹងអាចទាញយកលទ្ធផលជាក់ស្តែងចេញពីកិច្ចប្រជុំដ៏សំខាន់នេះ នៅពេលដែលយើងកំពុងព្យាយាមដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្តាលមកពីការរាតត្បាតជំងឺកូវីដ-១៩ ដើម្បីពង្រីកកាលានុវត្តភាព សហប្រតិបត្តិការ, ជំរុញកំណើន និង ធ្វើឲ្យសេដ្ឋកិច្ចរបស់យើងមានភាពរឹងមាំឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ មានការថមថយ ។
អស់រយៈពេលជាងប្រាំបួនខែមកហើយ ពិភពលោកបាន និងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ – ១៩ ដែលបានបង្កជាវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក លើសង្គម និង សេដ្ឋកិច្ច ។ សម្រាប់កម្ពុជា, រាជរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍កូវីដ -១៩ប្រកបដោយប្រសិទ្ធភាព, ដោយមកដល់ ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ឬ បិទ ប្រទេសទាំងមូលនោះទេ ។ ជាការពិត, ជំងឺកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយចំនួន ជាអាទិ៍ នៅក្នុងវិស័យវាយនភណ្ឌ, វិស័យទេសចរណ៍, វិស័យអាកាសចរណ៍ និង វិស័យ សេវាខ្លះទៀត ។ ស្ថិតក្នុងសភាពការណ៍នេះ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន ៥ ជុំរួចមកហើយ, ទាំងវិធានការជួយដល់វិស័យសេដ្ឋកិច្ច និង វិស័យសង្គមកិច្ច, សំដៅជួយរក្សា លំនឹងផលិតកម្ម និង អាជីវកម្ម ក៏ដូចជាធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរ ។ ខ្ញុំជឿជាក់ថា ធុរកិច្ចអាមេរិកមួយចំនួន ដែលមានវត្តមាននៅកម្ពុជា ក៏បានទទួលនូវផលប្រយោជន៍ពីវិធានការទាំងនេះ ។
ទន្ទឹមនេះ, ទោះបីជាមានបញ្ហាជំងឺកូដ ក៏ដោយ , ខ្ញុំពិតជាមានមោទនភាពចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២០ នេះ បានកើនឡើង ប្រមាណជិត ១៧ ភាគរយ, ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ ។
ខ្ញុំក៏សូមឆ្លៀតឱកាសនេះ ជម្រាបជូនសមាជិកគណៈប្រតិភូទាំងអស់ថា ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ បាន និង កំពុងបង្កការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និង សេដ្ឋកិច្ច . ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ ។ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម, ជាពិសេសនៅពេលជំងឺកូវីដ-១៩ មានភាពធូរស្រាល , កម្ពុជាកំពុង រៀបចំកែលម្អច្បាប់វិនិយោគ និង ប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង មាន ភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក, បង្គុំ, កសិ-ឧស្សាហកម្ម, គ្រឿងបន្លាស់, ឧស្សាហកម្មគាំទ្រ និង ឧស្សាហកម្មផ្សេងទៀត ។ ទន្ទឹមនេះដែរ , កម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិ ជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងពេលឆាប់ៗនេះ ។ ខ្ញុំសង្ឃឹមថា ច្បាប់ និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយ ជួយធ្វើឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែល កំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍ ។
បន្ថែមលើនេះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការកែទម្រង់មុតស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលបណ្ដាវិនិយោគិន និង ធុរជន កំពុងជួបប្រទះ ក្នុង គោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និង ការបង្កើត បរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និង ការវិនិយោគនៅក្នុងប្រទេស ។ ជាទិសដៅទៅមុខ, កម្ពុជានឹងដាក់ឲ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និង ទាន់ពេល គួបផ្សំនឹងការគិតគូរជា យុទ្ធសាស្ត្រ
តាមរយៈការដាក់ចេញនូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, គោលនយោបាយ រូបិយវត្ថុ និងវិធានការកែទម្រង់រចនាសម្ព័ន្ធ សំដៅសម្រេចឲ្យបាននូវគោលបំណងជាអាទិភាពចំនួន ២ គឺ ៖ ទី១.ការរក្សាលំនឹងសេដ្ឋកិច្ច និង សង្គម និង ទី២.ការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។
សម្តេច សូមអគុណចំពោះវត្តមានរបស់លោក អាឡិចសាន់ដឺ ហ្វលម៉េន (Alexander Feldman) និង តំណាងក្រុមហ៊ុនទាំងអស់ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំព្រឹកនេះរបស់យើង ។ នេះ គឺជាការ បង្ហាញអំពីការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនអាមេរិក មកលើកម្ពុជា ក៏ដូចជាបង្ហាញអំពីឆន្ទៈ នៃការចូលរួមចំណែកក្នុងការអភិវឌ្ឍ និង លើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទាំងមូល ។ ខ្ញុំសូមស្មើ ឲ្យលោក និង តំណាងក្រុមហ៊ុនទាំងអស់ មេត្តាផ្សព្វផ្សាយបន្តអំពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និង សូមជួយទាក់ទាញវិនិយោគិនអាមេរិក មកធ្វើ ការវិនិយោគបន្ថែមនៅកម្ពុជា ។
“ខ្ញុំសូមជូនពរឲ្យបេសកកម្មរបស់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ទទួលបានលទ្ធ ផលជាផ្លែផ្កាល្អប្រសើរ ដើម្បីលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាចូលរួម ចំណែកលើកស្ទួយទំនាក់ទំនងសហប្រតិបត្តិការ US- ASEAN ឲ្យកាន់តែខ្លាំងក្លាថែមទៀត “។សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕