ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសថៃកំពុងរកមុខក្រុមបាតុករ ដែលបានដាក់និងដក «ស្លាកប្រជាជន» ចេញពីទីលានក្បែរព្រះរាជវាំង, ក្រុមបាតុករត្រៀមប្រមូលផ្តុំជាថ្មី​នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ!

87

ស្លាកដែលត្រូវបានដាក់ឈ្មោះឱ្យថា «ស្លាកប្រជាជន» ត្រូវបានក្រុមបាតុករថៃចាក់ស៊ីម៉ង់ត៍ ដាក់តម្កល់លើទីលានមួយក្បែរព្រះបរមរាជវាំងថៃ កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីពួកគេបានដឹកនាំបាតុកម្មតវ៉ា ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ ដើម្បីទាមទារឱ្យលោកនាយរដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងធ្វើកំណែទម្រង់របបរាជានិយមថៃ ដែលពួកគេយល់ថា បានផ្ដល់សិទ្ធិអំណាចជ្រុលហួសហេតុដល់ព្រះមហាក្សត្រថៃ។ «ស្លាកប្រជាជន» ខាងលើនេះគឺជានិមិត្តរូបញ្ជាក់ថា ប្រទេសថៃជាសកម្មសិទ្ធិរបស់ប្រជាជនថៃ មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ព្រះមហាក្សត្រថៃឡើយ។

ជុំវិញបញ្ហាខាងលើ នៅព្រឹកថ្ងៃចន្ទនេះស្នងការរងប៉ូលិសក្រុងបាងកក លោក ភីយ៉ា ថាវីឆ័យ (Piya Tawichai) បានបញ្ជាក់ឱ្យដឹងថា ស្លាកនេះត្រូវបានគេឆ្កឹះយកចេញហើយ។ លោក Piya បានបញ្ជាក់ប្រាប់ Reuters យ៉ាងដូច្នេះថា «ខ្ញុំទទួលបានរបាយការណ៍មួយថា ស្លាកនោះត្រូវបានគេយកចេញវិញហើយ។ ប៉ុន្តែខ្ញុំមិនដឹងថា តើវាត្រូវគេយកចេញដោយរបៀបណា ឬក៏នរណាជាអ្នកយកវាចេញនោះទេ»។ លោកស្នងការរងបានបន្ថែមថា ប៉ូលិសកំពុងស្រាវជ្រាវ និងស្វែងរកអ្នកដែលយកស្លាកនេះចេញ ពីព្រោះថាស្លាកនេះគឺជាផ្នែកមួយនៃភស្ដុតាង ចោទប្រកាន់ក្រុមបាតុករដែលធ្វើខុស»

គួរបញ្ជាក់ថា បាតុកម្មតវ៉ាជាថ្មីគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយមេដឹកនាំក្រុមបាតុករ ក៏បានអំពាវនាវផងដែរឱ្យប្រជាជនថៃទាំងអស់ ឈប់ធ្វើការនៅថ្ងៃទី១៤ ខែតុលា ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ សម្រាប់ការផ្លាស់ប្ដូរនៅក្នុងប្រទេសនេះ៕

អត្ថបទដែលជាប់ទាក់ទង