អាជ្ញាធរខេត្តបាត់ដំបង ណែនាំឲ្យរមណីយដ្ឋាន តាមខ្សែទឹកហូរ ផ្អាកដំណើរការបណ្ដោះអាសន្ន
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានឲ្យដឹងថា រមណីយដ្ឋានស្ថិតតាមខ្សែទឹកហូរនានានៅក្នុងស្រុកយ៉ាងហោចណាស់ចំនួន ៣នៅក្នុងខេត្តនេះ ត្រូវបានជូនដំណឹងឲ្យផ្អាកដំណើរការអាជីវកម្មជាបណ្ដោះអាសន្ន ខណៈមានក្ដីបារម្ភពីការហក់ឡើងយ៉ាងលឿននៃជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃនេះ។
ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃម្សិលមិញនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសម្រេចណែនាំទៅម្ចាស់រមណីយដ្ឋាននានាស្ថិតនៅតាមជ្រោះជ្រលងភ្នំ ដងស្ទឹង និងបឹងបួរ ឲ្យផ្អាកដំណើរការអាជីវកម្មរបស់ពួកគេជាបណ្ដោះអាសន្នជាបន្ទាន់ចាប់ថ្ងៃម្សិលមិញនេះ។
បើតាមសេចក្ដីជូនដំណឹងដដែល អាជ្ញាធរខេត្តនេះបានសម្រេចបែបនេះ បន្ទាប់ពីប្រទេសកម្ពុជាទទួលរងភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែឥទ្ធិពលនៃព្យុះនូល (Noul) ដែលមានប្រភពមកពីមហាសមុទ្រប៉ាស៊ីហ្វិក៕