កម្លាំងនគរបាលបង្រ្កាបគ្រឿងញៀន២ករណី ឆែកឃើញគ្រឿងញៀនប្រមាណជិត ១០ គីឡូ
ភ្នំពេញ៖ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងមូលដ្ឋានដកហូតថ្នាំញៀនពីជនជាតិចិនជាច្រើនគីឡូក្រោម។
កាលវេលាម៉ោង ១២និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ ត្រង់ចំណុចជិតស្ពានហង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងរបស់លោក សហការជាមួយសមត្ថកិច្ចក្រុង ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងមូលដ្ឋានស្រាប់
ឃើញរថយន្តប្រភេទ lexus GS 300 ពណ៌ខ្មៅមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2-W 7669 បើកដោយជនជាតិចិនប្រុសស្រី២នាក់ រួមមានកូនតូចប្រុស ស្រី ២នាក់ទៀង ធ្វើជិះមកចូលគោលដៅក្នុងល្បឿនលឿន មិនបានឈប់ឲ្យកម្លាំងសមត្ថកិច្ចត្រួតពិនិត្យនោះទេ ហើយក៏បានបន្ថែមល្បឿនបើកទៅមុខគេច ចេញពីគោលដៅសមត្ថកិច្ចទៅបុកប៉ារាស់ ឆ្ពោះចូលក្នុងកោះពេជ្រ ត្រូវបានសមត្ថកិច្ចជិះម៉ូតូដេញពីក្រោយ ខណៈពេលមកជិតខុនដូមួយ ក៏បានឈប់រថយន្ត
រួចក៏បានបោះថង់ខ្មៅដែលដាក់គ្រឿងញៀនចោលនៅជិតរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅកូនតូចប្រុសស្រី២ នាក់ នៅក្នុងរថយន្តកំពុងតែយំរកឪពុកម្ដាយ។
ក្រោយហេតុការណ៍នេះដែរ សមត្ថកិច្ចបានឆែកឆេរក្នុងថង់ខ្មៅឃើញសុទ្ធគ្រឿងញៀនជិត៥គីឡូក្រោម។
ក្រោយពេលឆែកឃើញសមត្ថកិច្ចបានដឹកនាំកម្លាំង ចុះបន្តទៅឆែកឆេនៅក្នុងបន្ទប់ខុនដូមួយកន្លែងទៀត សង្ស័យថាប្តីប្រពន្ធទៅសម្ងំក្នុងបន្ទប់ ស្រាប់តែទៅមិនទាន់ដល់បន្ទប់ផង បានលិចមុខជនជាតិចិនដើរចេញពីក្នុងសណ្ឋាគារមានយួរវ៉ាលិសខ្មៅ ចេញមកខាងក្រៅបានមួយសន្ទុះ ស្រាប់តែជនជាតិចិនរូបនោះ បានរត់បម្រុងសំដៅឡើងរថយន្ត តែត្រូវបានសមត្ថកិច្ចក្របួចជាប់ភ្លាមៗ ហើយបានឆែកឆេរកឃើញគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីនចំនួន១៤ដុំទៀត។
បច្ចុប្បន្ន បុរសជនជាតិចិន រួមទាំងវត្ថុតាងថ្នាំញៀនជាច្រើនគីឡូ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរ និងធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីនៃច្បាប់។
ចំណែកឯប្តីប្រពន្ធរត់គេចខ្លួនបាត់ចោលកូននោះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ៕