ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីអង់គ្លេស៖ គម្រោងឲ្យអ្នកគាំទ្រទៅមើលបាល់ទាត់នៅទីលានវិញ នាខែក្រោយនេះត្រូវលុបចោល

84

យោងតាមការផ្សាយដោយសារព័ត៌មាន BBC បានឲ្យដឹងថា ការលុបចោលគម្រោងនេះ ដោយសារករណីឆ្លងកូវីដ១៩ ក្នុងប្រទេសអង់គ្លេស កើនឡើងខ្លាំងពេក។

កម្រិតនៃការដាស់តឿនជំងឺកូវីដ១៩ របស់ចក្រភពអង់គ្លេស បានផ្លាស់ប្តូរទៅលេខ៤ មានន័យថា អត្រាឆ្លងជំងឺកូវីដ១៩ គឺខ្ពស់ណាស់ ឬកើនឡើងស្វ័យគុណ។ មិនត្រឹមតែលុបចោលគម្រោង ដែលអនុញ្ញាតឲ្យអ្នកគាំទ្របានទៅមើលបាល់ទាត់នៅទីលានវិញនោះទេ នាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានសង្កត់ធ្ងន់ៗថា អត្រាឆ្លងកូវីដ១៩ នាពេលនេះក៏ធ្វើឲ្យប៉ះពាល់ដល់ការបើកព្រឹត្តិការណ៍កីឡាធំៗឡើងវិញផងដែរ។

លោក Boris Johnson បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងត្រូវតែទទួលស្គាល់ការរីករាលដាលនៃវីរុស ដែលឥឡូវនេះកំពុងប៉ះពាល់ដល់សមត្ថភាពរបស់យើងក្នុងការបើកព្រឹត្តិការណ៍កីឡាធំៗឡើងវិញ»

គួរជម្រាបថា គិតត្រឹមថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១,៤៦៩,៤៩២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៩៦៨,៨៥៨នាក់ និងជាសះស្បើយឡើងវិញ ២៣,០៩២,៨១៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ចំណែកឯនៅអង់គ្លេសវិញ មានអ្នកឆ្លងសរុប ៣៩៨,៦២៥នាក់ ក្នុងនោះស្លាប់ ៤១,៧៨៨នាក់៕

អត្ថបទដែលជាប់ទាក់ទង