ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

UNODC និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នូវបទល្មើសគ្រឿងញៀន និងបទឧក្រិដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព

174


ភ្នំពេញ ៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងនិងឧក្រិដ្ឋកម្ម ដែលហៅកាត់ថា (UNODC) នឹងផ្តល់នូវការបណ្តុះបណ្តាល និងសម្ភារៈមួយចំនួនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទឧក្រិដ្ឋផ្សេងៗទៀតនៅតាមព្រលានយន្តហោះអន្តរជាតិ កំពង់ផែ និងច្រកចេញចូលនានានៅប្រទេសកម្ពុជា ។

អ្នកស្រី ស៊ែលស៊ីលី ប្លូណែត (Cecile Plunet) អ្នកសម្របសម្រួលគម្រោង AIRCOP Global នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងនិងឧក្រិដ្ឋកម្ម (UNODC) និង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានជួបពិភាក្សាការងារ លើការទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទឧក្រិដ្ឋផ្សេងៗទៀត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ។ អ្នកស្រី ស៊ែលស៊ីលី ប្លូណែត បានលើកឡើងថា UNODC ដែលជាអង្គការសហការជាមួយ និងគយពិភពលោក នគរបាលអន្តរជាតិ គេនឹងជួយដល់ភាគីកម្ពុជា ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញផ្សេងៗ ក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យ ដែលបានប្រព្រឹត្តនូវបទឧក្រិដ្ឋនានា ហើយឆ្លងកាត់តាមព្រលានយន្តហោះ តាមច្រកកំពង់ផែ និងច្រកព្រំដែនផ្សេង ។

លោកស្រី ស៊ែលស៊ីលី ប្លូណែត (Cecile Plunet) បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលត្រូវបានជនល្មើសលួចឆ្លងកាត់នូវគ្រឿងញៀន និងបទល្មើសផ្សេងៗ ជាក់ស្តែងកាលពីកន្លងទៅថ្មីៗនេះនគរបាល និងគយកម្ពុជា បានចាប់បានជាច្រើននូវគ្រឿងញៀន និងភ្លុកដំរី តាមព្រលានយន្តហោះ និងកំពង់ផែ ដែលឈ្មួញទុច្ចរិតបានយកមកពីប្រទេសផ្សេង ហើយឆ្លងកាត់មកកម្ពុជា ។

អ្នកស្រីបានបន្តថា UNODC នឹងខិតខំព្យាយាមបន្ថែមទៀតជាមួយភាគីកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នូវបទល្មើសទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត រួមទាំងស្នើឲ្យមន្រ្តីជំនាញកម្ពុជាផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងបញ្ហានេះនៅតាមប្រទេសដែលជាដៃគូរផងដែរ ។

លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តថា អង្គការ UNODC នេះគឺបានសហការជាមួយប្រទេសនៅលើពិភពលោកជាង៣០ ហើយនៅថ្ងៃនេះគេបានមកប្រទេសកម្ពុជា ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ ហើយក៏នឹងសម្រេចចុះកិច្ចព្រមព្រៀង នាពេលខាងមុខនេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការទប់ស្កាត់នូវគ្រឿងញៀន ការជួញដូរមនុស្ស និងការជួញដូរនូវសត្វព្រៃកាន់តែមានប្រសិទ្ធភាពខ្លាំងក្លាបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង