លោក ស្រី សៀង ចាន់ហេង ៖សន្យាជួយកសាងអគារសម្រាកព្យាបាលជំងឺ ជូនមន្ទីរពេទ្យបង្អែកគ្រប់ខេត្ត ទូទាំងប្រទេស ឱ្យបានក្នុងមួយខេត្ត ១អគារ
សៀមរាប៖ លោកស្រី សៀង ចាន់ហេង បានថ្លែងនៅ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្រាកព្យាបាលជំងឺទូទៅ១ខ្នង នៃមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប ដែលត្រូវបានជួសជុល និងកសាងពង្រីកបន្ថែម នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះថា៖ មានអ្វីៗទាំងអស់សម្រាប់ថ្ងៃនេះគឺ ដោយសារប្រទេសមាន សន្តិភាព ការថែរក្សាសន្តិភាព គឺជាកត្តាចម្បងសម្រាប់ការធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍ ជាតិ ដែលទាំងនេះគឺជាកាតព្វកិច្ចចូលរួមនៃប្រជាជនកម្ពុជាទាំងមូល ក្នុងធ្លុងមហា សាមគ្គីជាតិ។
លោកស្រី ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តផងដែរថា សម្រាប់លោកជំទាវផ្ទាល់ ការចូលរួមកសាងសង្គមជាតិ វិស័យសុខាភិបាល គឺជាគោលដៅដ៏ធំមួយ លោកជំទាវបានសម្រេចចិត្តរួចហើយថានឹងត្រូវកសាងឱ្យបានអគារសម្រាកព្យាបាល អ្នកជំងឺ ជូនមន្ទីរពេទ្យបង្អែកគ្រប់ខេត្តទូទាំងប្រទេស ក្នុងមួយខេត្ត ១អាគារ កម្ពស់៥ជាន់។ គម្រោងនេះ កំពុងត្រូវបានអនុវត្តន៍បានប្រមាណជា៩៥ភាគរយហើយ នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ និងត្រូវបន្តទៅបណ្តាខេត្តផ្សេងៗទៀត។ សម្រាប់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក៏ត្រូវបានទទួលគម្រោងនេះដែរ លើអាគារដែលត្រូវបាន ជួសជុលកែ លម្អកន្លងមក។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាបមានគ្រែអ្នកជំងឺចំនួន៣៧០គ្រែ ហើយការប្រើប្រាស់ជាក់ស្តែង ប្រចាំថ្ងៃក្នុងពេលបច្ចុប្បន្ននេះលើសពី១០០ភាគរយ ក្នុងនោះពី១០ ទៅ ១៥ភាគរយ នៃអ្នកជំងឺ គឺមកពីបណ្តាខេត្តផ្សេងៗផងដែរ។
លោកបន្ដថា អគារសម្រាកព្យាបាលជំងឺ ដែលកំពុងបើកសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនេះ ពីមុនមានតែជាន់ផ្ទាល់ដី ទំហំ ១៤ម៉ែត្រ គុណ ១៩ម៉ែត្រប៉ុណ្ណោះ។ ក្រោយពីការជួសជុលកសាងកែលម្អថ្មីអាគារមួយនេះត្រូវបានកសាងបន្ថែមពីលើមួយជាន់ថ្មីទៀត និងពង្រីកបានដល់ ២២ម៉ែត្រ គុណ ១៩ម៉ែត្រ ដោយចំណាយអស់ថវិកា ជាង១៦ម៉ឺនដុល្លារ។ ក្នុងមួយអគារនេះ ទាំងជាន់ផ្ទាល់ដី និងជាន់លើអាចដាក់គ្រែ ទទួលអ្នកជំងឺឱ្យសម្រាកព្យាបាលនៅទីនោះបានចំនួន១១០គ្រែ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា អគារសម្រាកព្យាបាលដែលកំពុងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ពិតជាត្រូវ បាននាំមកនូវអត្ថប្រយោជន៍ដ៏សំខាន់ និងបានជួយបំពេញកង្វះខាតនៃមន្ទីរពេទ្យផងដែរ ហើយអ្វីដែលសំខាន់ជាងនេះ គឺជាការបើកលទ្ធភាពរបស់ មន្ទីរពេទ្យមួយកម្រឹតទៀត ក្នុងការជួយសង្គ្រោះ សុខភាព និងអាយុជីវិតនៃអ្នកជម្ងឺ ប្រកបដោយសេវាគុណភាព មិនប្រកាន់ពូជសាសន៍ និងនិន្នាការ នយោបាយអ្វីនោះឡើយ៕ សំរិត