ដោយមូលហេតុស្រវឹងស្រា យុវជនម្នាក់ បើកម៉ូតូបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ខ្លួនឯង ហើយរថយន្តបើករត់បាត់
ក្រចេះ ៖ យុវជនម្នាក់ បានបើកម៉ូតូបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ នៅចំណុចផ្លូវជាតិលេខ៧ ( ស្នួល-ក្រចេះ ) ចន្លោះបង្គោលគីឡូម៉ែតលេខ ២៩២-២៩៣ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០ នៅវេលាម៉ោង ១៩ និង ៣០នាទី ។
តាមរបាយការណ៍នគរបាលមូលដ្ឋាន បានឲ្យដឹងថា ម៉ូតូជនរងគ្រោះ ម៉ាក ណិច ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 1AE-4467 បើកបរដោយឈ្មោះ គង់ ស៊ីណាត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅ ទិសខាងកើត ។ លុះដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកនឹងរថយន្ត ដែលកំពុងធ្វើដំណើរ ដែលរថយន្ត ម៉ាក ហុីយ៉ាន់ដាយ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-9168 ( អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ ) ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត ។
តាមរបាយការណ៍បានឲ្យដឹងទៀតថា កតណីនេះ បណ្តាលមកពីមូលហេតុ ស្រវឹង ។ វត្ថុតាងម៉ូតូ ខូចខាតធ្ងន់ ០១ គ្រឿង និង រថយន្តគ្មានការខូចខាត បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីបន្តនីតិវីធី ៕