មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គតាសូរម្នាក់ បានប្រទូស្តកេរខ្មាស លើក្មេងស្រី អាយុ ១៦ ឆ្នាំ ត្រូវចាប់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត
ស្វាយរៀង៖ ល្បីមួយទៀតហើយ ប៉ូលិសម្នាក់ ឈ្មោះ ម៉ៅ វីរៈ ហៅចំរើន រងការចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីអាយុ១៦ឆ្នាំ តែមិនបានសម្រេច ហើយកំពុងដើរពេញភូមិ ធ្វើដូចគ្មានរឿងអ្វីកើតឡើងប៉ុន្តែទោះយ៉ាងណា កម្លាំងនគរបាលបានស្រាវជ្រាវរកឃើញចាប់ខ្លួន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ពាក់ព័ន្ធទៅនឹងមន្ត្រីនគរបាល ឈ្មោះ ម៉ៅ វីរៈ បម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គតាសូរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រទូស្តកេរខ្មាស លើក្មេងស្រី អាយុ ១៦ ឆ្នាំ នៅស្រុកស្វាយជ្រំ ពិតមែន។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានកិត្តិយសសូមធ្វើការបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា៖ ករណីមន្ត្រីនគរបាល ឈ្មោះ ម៉ៅ វីរៈ បម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គតាសូរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានប្រទូស្តកេរខ្មាស លើក្មេងស្រីអាយុ១៦ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិក្ខុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពិតប្រាកដមែន កាលពីថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងនគរបាលយើងបានស្រាវជ្រាវរកឃើញ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕