អភិបាលរាជធានី ណែនាំឲ្យមន្ទីរសាធារណការនិងអាជ្ញាធរខណ្ឌទួលគោកសហការគ្នា ស្ដារប្រឡាយមេនៅមុខស្ថានីយបូមទឹកទួលគោកទី២និងពិនិត្យមើលប្រព័ន្ធលូទាំងអស់
ភ្នំពេញ៖ អភិបាលគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទួលគោកសហការគ្នាដើម្បីធ្វើការស្ដារប្រឡាយមេនៅមុខស្ថានីយបូមទឹកទួលគោកទី២ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដើម្បីនាំទឹកឲ្យបានលឿនមកកាន់ស្ថានីយ ជៀសវាងនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅតំបន់បឹងកក់នេះ ។
ការណែនាំនិងជម្រុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ ២០២០ ខណៈដែលលោក ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក ចុះពិនិត្យមើលស្ថានភាពលូនិងប្រឡាយដែលទទួលរងការលិចលង់ដោយទឹកភ្លៀង នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។
លោកឃួង ស្រេងបានបញ្ជាក់ផងដែរថា ប្រឡាយនិងលូមេ តភ្ជាប់ទៅស្ថានីយ៍បូមទឹកទួលគោកនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវប្រើគ្រឿងចក្រនិងសាឡង់២គ្រឿង ដើម្បីស្តារយកភក់ចេញពីបាតប្រឡាយ ពោលគឺសាឡង់មួយគ្រឿង ត្រូវចាប់ស្តារពីមុខស្ថានីយនិងមួយគ្រឿងទៀតផ្តើមស្តារចេញពីទីតាំងអគារអគ្គីសនីកម្ពុជាទួលគោក២ មកកាន់ស្ថានីយ៍បូមទឹកទួលគោកនេះដែរ។ ចំណែក ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌជាអ្នកដោះស្រាយ ធ្វើយ៉ាងណា ការអនុវត្តគម្រោងនៃការស្ដារប្រឡាយនេះអោយបានរួចរាល់ក្នុងរយៈពេល៣ខែខាងមុខ។
ក្រៅពីការជំរុញឲ្យមានការស្ដារ ប្រឡាយខាងលើនេះហើយ លោក ឃួង ស្រេង ក៏បានជំរុញឲ្យដាក់ប្រព័ន្ធលូ ទំហំ០២ម៉ែត្រ នៅលើបណ្ដោយផ្លូវ២៨៣ ក្នុងសង្កាត់បឹងកក់ទី១នេះផងដែរ ដើម្បីជំរុញឲ្យទឹកហូរបានលឿនចូលទៅកាន់ស្ថានីយទួលគោកទី២នេះ។
ដោយឡែកចំពោះ ការបុកស៊ីផាយនៅប្រឡាយបឹងត្របែកវិញ អភិបាលរាជធានីភ្នំពេញក៏បានជំរុញឲ្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងារនេះអោយបានលឿន ចំណែក រដ្ឋបាលរាជធានីនិងសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីបាន ស ជ ណ ក្នុងការរក្សាទុកអាងស្តុកទឹកបឹងត្របែកនេះ ក្នុងទំហំ១២ហិកតា។
ពាក់ព័ន្ធនឹងបញ្ហាប្រឡាយ លូនេះដែរ លោកឃួង ស្រេង ក៏បានធ្វើការណែនាំនិងជំរុញឲ្យអាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យមើលលូទាំងអស់នៅក្នុងតំបន់បឹងកក់នេះ ដើម្បីរកមូលហេតុនៃការលិចលង់ អោយឃើញ យើងឈានទៅរកការដោះស្រាយធ្វើយ៉ាងណាកុំឲ្យលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ៕