អង្គការសហប្រជាជាតិ៖ មនុស្សជិត ៨៣ម៉ឺននាក់បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់ នៅក្នុងប្រទេសស៊ូដង់
ស៊ូដង់ ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា មនុស្សជិត ៨៣ម៉ឺននាក់នៅក្នុងប្រទសស៊ូដង់បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែបញ្ហាទឹកជំនន់អស់ជាច្រេីនខែមកនេះ ។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Arabiya នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។
អង្គការសហប្រជាជាតិ បានបន្តថា ពាក់កណ្តាលនៃអ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់គឺស្ថិតនៅក្នុងរដ្ឋចំនួន ៥ នៃរដ្ឋចំនួន ១៨ របស់ស៊ូដង់ គឺខាងជើងដាហ្វួរខាធូមប៊្លូណៃ ខាងលិចដាហ្វួរ និងសេណាណា ។
បញ្ហានៃទឹកជំនន់នេះ ក៏បានបណ្តាលអោយមានមនុស្សស្លាប់រហូតដល់ ១២៤ នាក់ និងរបួស ៥៤ នាក់ ។ ហេីយផ្ទះជិត ១៦៦.០០០ខ្នង ត្រូវបានបំផ្លាញនិងខ្លះត្រូវបានលិចលង់នៅក្នុងទឹកជំនន់ ។
គួរជម្រាបថា ចាប់តាំងពីខែមិថុនាមក រហូតដល់ខែតុលានេះ ភ្លៀងក្នុងបរិមាណដ៏ច្រើននៅតែបន្តធ្លាក់ជាធម្មតា ដែលធ្វេីអោយប្រទេសនេះត្រូវប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ។
ទោះបីយ៉ាងណា ប្រទេសស៊ូដង់កាលពីពាក់កណ្តាលខែកញ្ញា បានអំពាវនាវដល់សហគមន៍អន្តរជាតិសម្រាប់ជំនួយបន្ថែមទៀត ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃគ្រោះមហន្តរាយទឹកជំនន់ដែលក្រុងខាទុំបានប្រកាសអាសន្នរយៈពេល ៣ ខែរួចមកហើយ ៕