កណ្តុររកមីននៅកម្ពុជា ទទួលមេដាយវីរភាពខ្ពស់បំផុត
ភ្នំពេញ៖លោកហេង រតនា អគ្គនាយកស៊ីម៉ាក់នៅថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២០ នេះបានប្រកាសសូមអបអរសាទរ កណ្តុរហិតមីនឈ្មោះម៉ាហ្គាវ៉ា បានទទួលមេដាយមាសការងារ នៅថ្ងៃទី២៥ កញ្ញា២០២០។
លោកអគ្គនាយកស៊ីម៉ាក់ បានលើកឡើងទៀតថា កណ្តុរហិតមីនរបស់អង្គភាពស៊ីម៉ាក់និងអង្គការAPOPO ប៊ែលហ្សិក ឈ្មោះ ម៉ាហ្គាវ៉ា (Magawa) បានទទួលមេដាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃ នៃប្រទេសអង់គ្លេស (PDSA)។ ម៉ាហ្គាវ៉ា មានស្នាដៃរុករកឃើញគ្រាប់មីនចំនួន៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២៨គ្រាប់ នៅទិសខេត្តសៀមរាប និងខេត្តព្រះវិហារ។
លោកថា មេដាយមាសនេះ បានធ្លាក់មកលើកណ្តុរហិតមីនម៉ាហ្គាវ៉ា ជាលើកដំបូងគេ ដែលមេដាយនេះផ្តល់ឱ្យសត្វដែលលះបង់ដើម្បីភារកិច្ច។
Magawa ជាពូជកណ្តុរ នៅអាហ្វ្រិក ហើយដែលត្រូវបានយកមកប្រើដើម្បីរកមីននៅកម្ពុជា ទើបត្រូវបានគេប្រគល់មេដាយមាស PDSA Gold Medal (PDSA : People’s Dispensary for Sick Animal) ដែលជាប្រភេទមេដាយខ្ពស់បំផុតសម្រាប់សត្វណាដែលបានប្រថុយជីវិតខ្លួនជួយមនុស្ស ឬ សត្វ និង ចំពោះសត្វណាដែលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត ។ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន Magawa បានសម្អាតមីនលើផ្ទៃដីចំនួន ១៤១ ០០០ ម៉ែត្រក្រឡា ពោលគឺស្មើនឹងតារាងបាលទាត់ ២០ ។
Magawa ដែលពេលនេះជិតចូលនិវត្តន៍ហើយនោះ អាចរកមីនលើផ្ទៃក្រឡាដីស្មើនឹងតារាងតេនីសក្នុងរយៈពេល ៣០ នាទី ក្នុងពេលដែលមនុស្សម្នាក់ប្រើឧបករណ៍រាវមីនត្រូវប្រើពេល ៤ ថ្ងៃ នេះបើតាមកាសែត The Guardian ( អង់គ្លេស ) ចេញផ្សាយថ្ងៃសុក្រ ទី ២៥ កញ្ញា ២០២០៕