អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅលើពិភពលោក បានកើនឡើងដល់ជិត១លាននាក់ហើយ ខណៈដែលអ្នកឆ្លងមានចំនួន៣១លាននាក់
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿនបានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះ នៅលើពិភពលោក អ្នកស្លាប់ដោយជំងឺកូវីដ–១៩ បានកើនឡើងដល់ជិត១លាននាក់ហើយ ក្នុងនោះសម្រាប់អ្នកឆ្លង covid-19 មានចំនួន ៣១លាននាក់ អ្នកដែលបានជាសះស្បើយមានចំនួន២៥នាក់និងអ្នកបាននិងកំពុងបន្តការព្យាបាលមានចំនួន៦លាននាក់។
លោកបញ្ជាក់ទៀតថា ការកើតឡើងនូវជំងឺកូវីដ–១៩នេះ គឺពិតណាស់ថា វាបានផ្ដើមឡើងពីការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុដែលនាំឱ្យកើតឡើងនូវជំងឺប្លែកៗ និងសាហាវៗ នៅក្នុងលោកយើងនេះ ។ ជាក់ស្ដែងដូចជាជំងឺកូវីដ–១៩ដែលបាននិងកំពុងរីករាលដាលពេញពិភពលោក ដូចសព្វថ្ងៃនេះ ដែលយើងត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះរីករាលដាលបន្តទៀត ។
លោកបន្តថា កន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនិងដោយមានការចូលរួមពីប្រជាពលរដ្ឋដូចជាការផ្សព្វផ្សាយពីអាជ្ញាធរបានធ្វើឲ្យជំងឺកូវីដ–១៩ នៅកម្ពុជាមិនមានការរីករាលដាលនិងសម្លាប់មនុស្សដោយសារជំងឺនេះទេ។
លោកក៏បានថ្លែងការ ដឹងគុណនិង កោតសរសើរចំពោះអាជ្ញាធរភូមិ សង្កាត់ដែលបានផ្សព្វផ្សាយដូចជាអប់រំណែនាំឲ្យប្រជាពលរដ្ឋ បានចូលរួមទប់ស្កាត់ជំងឺកូវីដ–១៩នេះបានល្អ ។ ជាក់ស្តែង ការឈប់សម្រាកចូលឆ្នាំនិងពិធីបុណ្យភ្ជុំបិណ្ឌដែលបានបញ្ចប់ទៅថ្មីៗនេះ គឺមិនមានការរីករាលដាលនៃជំងឺកូវី–១៩នោះទេ។នេះបញ្ជាក់អោយឃើញថា កម្ពុជាពិតជាបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងីកូវីដ–១៩បានយ៉ាងល្អ ។
ការបញ្ជាក់របស់លោកឯក ឃុនដឿនខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២០ នៅក្នុងពិធីជួបជុំរើសសំរាម ដើម្បីអបអរសាទរ “ទិវាពិភពលោកស្អាត” នៅលើសួនច្បារចេនឡា ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០នាក់។
លោកឯក ឃុនដឿនបន្តថា ពាក់ព័ន្ធនឹង ទិវាពិភពលោកស្អាត ដែលរដ្ឋបាលខណ្ឌទួលគោករៀបចំឡើងនេះធ្វើឡើងក្នុងគោលបំណងដើម្បី ជាការក្រើនរំលឹកអោយប្រជាពលរដ្ឋបានយល់ដឹង អំពីការទុកដាក់ វេចខ្ចប់សំរាម ឲ្យបានល្អនិងចំ ពេលវេលា។ លោកបញ្ជាក់ទៀតថា នៅពេលដ៏ខ្លីខាងមុខនេះពោលគឺ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញជ្រើសរើសយកក្រុមហ៊ុន ដើម្បីធ្វើការប្រមូលសំរាមបានហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ ផាកពិន័យទៅលើអ្នកដែលចោលសំរាមផ្ដេសផ្ដាស មិនត្រូវតាមពេល ម៉ោងហើយ។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីរើសសំរាម សំអាតបរិស្ថាននេះ ក្រុមការងារនៃរដ្ឋបាលខណ្ឌទួលគោកបានចែកចេញជាច្រើនក្រុម ដើម្បីរើសសំរាមនៅតាមបណ្ដាលផ្លូវមួយចំនួននៅជុំវិញផ្សារដើមគរ ផ្លូវ២៤៥ ផ្លូវម៉ៅសេទុង ផ្លូវ ៣៣៦ រហូតដល់ អាងទឹកអូឡាំពិចផងដែរ៕