ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វគោ ក្របី ចំនួន231ក្បាលត្រូវបានចាក់វាក់សាំងការពារជំងឺឆ្លង

146

ត្បូងឃ្មុំ ៖ ដើម្បីការពារជាមុននូវជំងឺឆ្លងផ្សេងៗក្រុមការងារគ្រូពេទ្យ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំបានចុះចាក់វ៉ាក់សាំសត្វគោ ក្របី ជូនប្រជាពលរដ្ឋដែលជម្លៀសមករស់នៅទួលសុវត្ថិភាពក្នុងភូមិទួលវិហ៊ារ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបានចំនួន ២៣១ក្បាល ក្នុងនោះសត្វគោចំនួន១២៥ក្បាល និងក្របីចំនួន ១០៦ ក្បាល ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ។
នៅក្នុងឱកាសនោះឯកឧត្តម ណៅ ធួក មានប្រសាសន៍លើកឡើងថា នេះគឺជាយុទ្ធនាការមួយដើម្បីការពារ និងទប់កម្ងឺឆ្លងផ្សេងដល់សត្វគោ ក្របី របស់បងប្អូនប្រជាពលរដ្ឋ ពីព្រោះរដូវទឹកឡើង និងទឹកស្រកទៅវិញវាងាយ និងកើតជម្ងឺឆ្លង។ ជាមួយនឹងការលើកឡើងបែបនេះឯកឧត្តមក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវសហការជាមួយមន្ត្រីគ្រប់លំដាប់ថ្នាក់ ដោយត្រូវរាយការណ៍ជាបន្ទាន់​នៅពេលសត្វពាហនៈ កើតមានជម្ងឺដើម្បីក្រុមការងារចុះមកពិនិត្យ និងព្យាបាលជូន ក្នុងនោះក៏ត្រូវរស់នៅប្រុងប្រយ័ត្ន និងមានអណាម័យខ្ពស់ផងដែរ ។
បើតាមការបញ្ជាក់របស់លោក រី ដាវិន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថាប្រតិបត្តិការចុះចាក់វ៉ាក់សាំងនេះគឺដើម្បីទប់ស្កាត់ការពារជំងឺអ៊ុតក្តាមក្នុងស្រុកគោលដៅចំនួន3គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ ដោយស្រុកនិមួយៗមានក្រុមការងារប្រចាំការទទួលខុសត្រូវដាច់ពីគ្នា។ លោកបន្តថា នេះជាផែនការដែលការិយាល័យបានរៀបចំ ព្រោះពេលមានទឹកជំនន់កើតឡើងចាប់ពីពេលទឹកឡើងហើយស្រកទៅវិញគឺមានមេរោគមួយចំនួនលើដី ឬវាលស្មៅដូច្នេះហើយទើបក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី ជូនប្រជាពលរដ្ឋជាមុនឲ្យហើយ។ ក្រៅពីការងារនេះក៏មានការងារសង្គ្រោះបន្ទាន់ នៅពេលសត្វពាហនៈពួកគាត់ឈឺដោយក្រុមការងារ បានត្រៀមថ្នាំព្យាបាលភ្លាមៗដោយមិនគិតប្រាក់ផងដែរ។
សូមជម្រាបថា គិតមកដល់ថ្ងៃទី៣ ខែសីហា នេះទឹកទន្លេមេគង្គនៅតែបន្តឡើងក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំដោយមានកម្ពស់១៥,១២ ម៉ែត្រ បើប្រៀបថ្ងៃម្សិលមិញខ្ពស់ជាង ០,១០ម៉ែត្រ ខណៈទឹកត្រូវប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នកម្ពស់ ១៥,២០ ម៉ែត្រ ។

អត្ថបទដែលជាប់ទាក់ទង